អភិបាលខេត្តកំពង់ស្ពឺអញ្ជើញចែកបណ្ណកម្មសិទ្ធិដីជូនប្រជាពលរដ្ឋក្នុងស្រុកសាមគ្គីមុនីជ័យ
AKP កំពង់ស្ពឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងឃុំពាំងល្វា និង៨ភូមិ ក្នុងឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ចំនួន៨៩៤០ គ្រួសារ នៅបរិវេណសាលាស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) គឺមានន័យថាបងប្អូនមានដីកម្មសិទ្ធិស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយបងប្អូនថែមទាំងមានសិទ្ធិ ចាត់ចែងទ្រព្យសម្បត្តិផ្ទាល់ខ្លួនតាមអ្វីដែលខ្លួនមាន។ ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺបានសម្រួលជូនបងប្អូនតាមផ្លូវច្បាប់ ដែលអាចបញ្ចៀសពីជម្លោះគ្នាបាន លើកលែងបងប្អូនរំលោភលើសចំនួនពីក្នុងបណ្ណកម្មសិទ្ធិ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានសំណូមពរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បន្តខិតខំធ្វើយ៉ាងណា វាស់វែងដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួងក្នុងបំណាច់ឆ្នាំ២០២៥ និងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីអាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព ក៏ដូចជាការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅលើផ្លូវសាធារណៈ មានរបៀបរៀបរយ និងត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ពីគំនូសសញ្ញាចរាចរណ៍៣ប្រភេទ ដែលជួយឱ្យប្រជាពលរដ្ឋ អាចបើកបរបានត្រឹមត្រូវតាមច្បាប់ និងមានរបៀបរៀបរយ ព្រមទាំងអាចជូយឱ្យប្រជាពលរដ្ឋយើងចៀសផុតពីគ្រោះថ្នាក់ជាយថាហេតុបាន៕


ដោយ លឹម សាន្ត





