រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងថ្មីដើម្បីគាំទ្រដល់កាអភិវឌ្ឍសហគមន៍នៅក្នុងខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និង ឯកឧត្តម Vanlalvawna BAWITLUNG ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ថ្មីទាក់ទងនឹងជំនួយឥតសំណងរបស់សាធារណរដ្ឋឥណ្ឌាសម្រាប់ការអនុវត្តតាមរយៈគម្រោងផ្តល់លទ្ធផលរហ័សដល់សហគមន៍ (QIP) ដែលគម្រោងនេះគឺជាការបន្ថែមនូវការគាំទ្រដល់សាលារៀន និងការគាំទ្រដល់កាអភិវឌ្ឍសហគមន៍នៅក្នុងខេត្តក្រចេះ ។ គម្រោងទាំងនេះ រួមមាន ទី១. ការកែលម្អលទ្ធផលអប់រំ និងលទ្ធភាពប្រើប្រាស់ ដូចជា ការចែកកង់ដល់សិស្សានុសិស្ស, តាមដានអត្រាចូលរួមការអនុវត្តការសិក្សា ចំនួននៃអត្រាបោះបង់ការសិក្សា និងមតិកែលម្អរបស់សិស្ស ដើម្បីវាយតម្លៃឥទ្ធិពលនៃគម្រោង, ពង្រឹងស្មារតីទទួលខុសត្រូវ និងឯករាជ្យភាពរបស់សិស្សានុសិស្ស។ ទី២. ផ្តោតសំខាន់លើសុខភាព សុខុមាលភាព និងនិរន្តរភាព រួមមាន៖ សុខភាព សុខុមាលភាព និងនិរន្តរភាព, កាត់បន្ថយថ្លៃធ្វើដំណើរ, ការលើកទឹកចិត្តដល់ការហាត់ប្រាណឱ្យបានទៀងទាត់ និងធ្វើឱ្យប្រសើរឡើងជាមួយនឹងសម្បទា និងការលើកកម្ពស់ជម្រើសនៃការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។ ក្នុងជំនួបពិភាក្សាការងារ និងការចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងព័ត៌មានជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជានេះបានធ្វើឡើង នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមគម្រោងកិច្ចសហប្រតិបត្តិមេគង្គ-គង្គា ដោយផ្តោតលើគម្រោងអនុវត្តន៍ដែលផ្តល់ផលភ្លាម។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការបន្តគាំទ្រកម្ពុជារបស់ រដ្ឋាភិបាលឥណ្ឌា សម្រាប់ក្រសួងព័ត៌មាន ដោយពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដែលសហគមន៍មូលដ្ឋានកំពុងជួបប្រទះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា កន្លងទៅមិត្តឥណ្ឌាក៏បានគាំទ្រការងារដ៏មានតម្លៃក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ណសារឌីជីថលជាតិ និងមជ្ឈមណ្ឌលទូរគមនាគមន៍សហគមន៍ (CTCs) ហើយគំនិតផ្តួចផ្តើមផ្តល់មជ្ឈមណ្ឌលដែលមានសារៈប្រយោជន៍នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល និងបង្កើនលទ្ធភាពទទួលបានព័ត៌មាននៅកម្រិតសហ គមន៍ថែមទៀតផង។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងដែលបានអនុម័តថ្មីដោយរដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រសហគមន៍សម្រាប់សាលារៀន និងគំនិតផ្តួចផ្តើមថាមពលពន្លឺព្រះអាទិត្យសម្រាប់ការទទួលបានព័ត៌មាន និងចំណេះដឹង ដែលគម្រោងទាំងពីរនេះ នឹងត្រូវបានអនុវត្តន៍នៅក្នុងខេត្តក្រចេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីថ្លែងបញ្ជាក់ទៀតថា គម្រោងទាំងនេះមានប្រសិទ្ធភាពដើម្បីដោះស្រាយតម្រូវការសហគមន៍សំខាន់ៗ ដោយជួយសម្រួលដល់ការដឹកជញ្ជូនសិស្សានុសិស្សទៅសាលារៀន និងកែលម្អភ្លើងបំភ្លឺតាមខ្នងផ្ទះ និងទីសាធារណៈ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងព័ត៌មានបានទទួលការគាំទ្រលើគម្រោងចំនួន ៤ ក្នុងនោះ រួមមាន នៅឆ្នាំ២០២៤ ចំនួន ២ គម្រោង ដោយផ្តោតលើការគាំទ្រសម្ភារសម្រាប់ធ្វើឌីជីថលរូបថតរបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) និងការរៀបចំមណ្ឌលព័ត៌មានវិទ្យានៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ នៅឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មានទទួលបានគម្រោង ២ សម្រាប់ការអនុវត្តនៅមូលដ្ឋានខេត្តក្រចេះរួមមាន៖ គម្រោងទី១ ផ្តោតលើការផ្តល់ថាមពលពន្លឺព្រះអាទិត្យដើម្បីទទួលព័ត៌មាន និងបង្កើនចំណេះដឹង ដោយអនុវត្តន៍នៅស្រុកអូរគ្រៀងសែនជ័យ និងគម្រោងទី២ ការគាំទ្រសហគមន៍ក្នុងការជំរុញលើការសិក្សាតាមរយៈការផ្តល់កង់ជូនដល់សិស្សានុសិស្សដែលខ្វះមធ្យោបាយធ្វើដំណើរអនុវត្តនៅក្នុងស្រុកស្នួល។

ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ដែលបានប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) ដែលបន្តផ្តល់ផលឥទ្ធិពលដ៏មានអត្ថន័យសម្រាប់ការអភិវឌ្ឍតំបន់ជនបទនៅកម្ពុជា។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) គឺជាគំនិតផ្តួចផ្តើមអន្តររដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ ២ ០០០ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍ចំនួន៥ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានគេដាក់ឈ្មោះតាមឈ្មោះទន្លេមេគង្គក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ទន្លេ Ganga ក្នុងប្រទេសឥណ្ឌា ដែលជានិមិត្តរូបនៃទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រឹងមាំរវាងតំបន់ទាំងនោះ៕
ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





