ក្រសួងបរិស្ថានពន្លឿនការដាក់ចេញការរៀបចំតំបន់ទេទឹកពុះជាអាទិភាព ស្របតាមអនុសាសន៍សម្តេចធិបតី
AKP កំពង់ស្ពឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានកោះអញ្ជើញក្រុមការងារពាក់ព័ន្ធរបស់ក្រសួងបរិស្ថាន ដើម្បីរៀបចំតំបន់ទេទឹកពុះ ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍតំបន់ទេទឹកពុះឱ្យក្លាយជាតំបន់ការពារធម្មជាតិ និងជារបៀងទេសចរណ៍ធម្មជាតិ សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាសហគមន៍ និងសាធារណជន ធានាបាននូវការអភិវឌ្ឍដោយចីរភាព។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ការងារអាទិភាពសំខាន់ៗចំនួន៣ចំណុច ដែលរដ្ឋមន្រ្តីក្រសួងបរិស្ថានបានដាក់ចេញ ដើម្បីពន្លឿនការងាររៀបចំតំបន់ទេទឹកពុះ រួមមាន៖ ទី១. រៀបចំក្រុមការងារចុះត្រួតពិនិត្យ និងសិក្សាជាបន្ទាន់ ដើម្បីសម្រេចបានលទ្ធផលនៅក្នុងសប្តាហ៍នេះ។ ទី២. រៀបចំកន្លែងលក់ដូរជូនប្រជាសហគមន៍ ដោយចុះស្រង់ស្ថិតិអ្នកលក់ដូរជុំវិញតំបន់ទេទឹកពុះ ដើម្បីរៀបចំកន្លែងលក់ប្រកបដោយអនាម័យ និងសោភ័ណភាពស្អាត និងទី៣. ពិនិត្យ និងដោះស្រាយ កំណត់ប្លង់រៀបចំទីតាំងទេទឹកពុះ ដើម្បីធានាថា ទេទឹកពុះ ជាសម្បត្តិរដ្ឋ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈជន និងជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា។

គួរបញ្ជាក់ថា ទេទឹកពុះជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។ តំបន់ទេទឹកពុះត្រូវបានប្រជាពលរដ្ឋក្នុងតំបន់ដែលជាជនជាតិសួយមានជំនឿថា ជាតំបន់សក្តិសិទ្ធិ អ្នកដែលមកលេងនៅទីនេះហើយនឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺសើស្បែកនិងឈឺដៃ ឈឺជើង អាចមកត្រាំដោយទឹកថ្លាឈ្វង់នៅទីនេះនឹងអាចមានភាពធូរស្រាលជាមិនខាន។ទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់៧០អង្សាសេ ដែលមានទឹកចេញមកពីប្រភព៦ និងមានក្លិនស្ពាន់ធ័រ និងថ្មកំបោរ។ មានផ្ទៃទឹកទំហំ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប៥ហិកតា ពោរពេញដោយស្មៅខ្ពស់ៗ កក់ និងថ្មក្រហម៕


ដោយ លឹម សាន្ត





