សម្ដេចតេជោ ហ៊ុន សែន បង្ហាញសារកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបងប្រុសទីមួយសន្លប់មិនដឹងខ្លួន២៤ម៉ោង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញសារថា សម្ដេចកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបងប្រុសទីមួយសន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកដល់សុវត្ថិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។

សម្ដេចតេជោបន្តថា រឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចចៀសវាងបាននេះរួចហើយ។ សម្ដេចតេជោលើកឡើងថា៖ «ម្ខាងភរិយា ម្ខាងបងប្រុសក្នុងពេលតែមួយ និងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឱ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់ គ្រប់កម្មវិធី ច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ»។

សម្ដេចតេជោក៏បានបង្ហាញរឿងចម្លែកថា សូមជួយមើលរូបថតបងប្រុសខ្ញុំ ដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នា នៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំ ហាក់បង្ហាញនូវការមិនអស់ចិត្ត ឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា និងអ្នកអបិយជំនឿបកស្រាយរបៀបណា៕


ដោយ៖ ជឹម ណារី





