ឧត្តមសេនីយកំពូលកូរ៉េខាងត្បូង និងហ្វីលីពីនពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា ឧត្តមសេនីយកំពូលកូរ៉េខាងត្បូង និងហ្វីលីពីនបានជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។
យោងតាម JCS បានឱ្យដឹងថា ប្រធាន JCS លោកឧត្តមសេនីយ គីម យ៉ុងស៊ូ (Kim Myung-soo) និងសមភាគីហ្វីលីពីន លោកឧត្តមសេនីយ រ៉ូមេអូ ប្រាវនឺ ចេអ (Romeo Brawner Jr.) ក៏បានពិភាក្សាអំពីស្ថានភាពសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក។
នៅក្នុងកិច្ចពិភាក្សា លោក គីម បានសង្កត់ធ្ងន់ថា ប្រទេសហ្វីលីពីនគឺជាប្រទេសដែលចែករំលែកតម្លៃដោយបានប្រយុទ្ធជាមួយប្រទេសកូរ៉េខាងត្បូងផងដែរ ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ហើយបានអំពាវនាវឱ្យពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ។
លោក ប្រាវនឺ បាននិយាយថា ប្រទេសទាំងពីរគួរតែពង្រឹងសមត្ថភាពការពាររបស់ពួកគេតាមរយៈកិច្ចសហប្រតិបត្តិការផ្នែកយោធា និងឧស្សាហកម្មសព្វាវុធ។
កិច្ចពិភាក្សាកាលពីថ្ងៃចន្ទគឺជាជំនួបលើកដំបូងរវាងឧត្តមសេនីយកំពូលនៃប្រទេសទាំងពីរក្នុងរយៈពេល ៦ឆ្នាំ។ លោក ប្រាវនឺ បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងពិធីប្រគល់នាវាចម្បាំងសម្រាប់កងទ័ពជើងទឹកហ្វីលីពីន ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





