អ្នកការទូតកំពូលអេហ្ស៊ីប និងសហភាពអឺរ៉ុបជំរុញឱ្យមានការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដរ អាប់ដេឡាតទី (Badr Abdelatty) និងលោកស្រី កាចា កាលឡាស (Kaja Kallas) តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានអំពាវនាវឱ្យមានការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាឡើងវិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបនៅទីក្រុងគែរ លោក អាប់ដេឡាតទី បាននិយាយថា «មធ្យោបាយតែមួយគត់ដើម្បីដោះលែងអ្នកជាប់ឃុំអ៊ីស្រាអែលទាំងអស់ គឺត្រូវត្រឡប់ទៅតុចរចា និងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់» ដោយលោកបានបដិសេធការបន្តប្រតិបត្តិការយោធាអ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប។
លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់បឋមនៅតំបន់ហ្គាហ្សាដែលបានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា។
ចំណែកលោកស្រី កាលឡាស បានប្រាប់អ្នកសារព័ត៌មានថា សហភាពអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតនៅតំបន់ហ្គាហ្សា ដោយសារការបន្តកើតមានអរិភាពរបស់អ៊ីស្រាអែល។
លោកស្រីបាននិយាយថា «អ៊ីស្រាអែលគួរតែបន្តការចរចា និងបញ្ឈប់ការសម្លាប់នៅទីនោះ ហើយបញ្ឈប់ការទម្លាក់គ្រាប់បែក។ ជាការពិតណាស់ ចំណាប់ខ្មាំងក៏ត្រូវដោះលែងផងដែរ»។
លោកស្រីបានបន្ថែមថា «សាររបស់យើងបាននិយាយយ៉ាងច្បាស់លាស់ ហើយច្បាប់មនុស្សធម៌ត្រូវតែអនុវត្តន៍តាម ជីវិតរបស់ប្រជាជនត្រូវតែត្រូវបានសង្គ្រោះ និងជំនួយមនុស្សធម៌ត្រូវទៅដល់ប្រជាជន»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





