អេហ្ស៊ីប និងប៉ាឡេស្ទីនពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាបទឈប់បាញ់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក ម៉ូស្តាហ្វា ម៉ាដប៊ូលី (Mostafa Madbouly) និងសមភាគីប៉ាឡេស្ទីន លោក ម៉ូហាមម៉ាដ មូស្តាហ្វា (Mohammad Mustafa) បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តក្នុងការស្តារបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងជំរុញការកសាងឡើងវិញរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្ត្រីអេហ្ស៊ីប បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ម៉ាដប៊ូលី បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរក្សាបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងចាប់ផ្តើមដំណើរការស្តារ និងកសាងឡើងវិញក្នុងទឹកដីឱ្យបានឆាប់ ដោយលោកបានបញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេរបស់ប្រទេសអេហ្ស៊ីបសម្រាប់ប្រជាជនប៉ាឡេស្ទីន និងសិទ្ធិរបស់ពួកគេក្នុងការបន្តនៅលើទឹកដីរបស់ពួកគេ។
លោកបានពន្យល់ថា ផែនការកសាងតំបន់ហ្គាហ្សាដែលស្នើឡើងដោយប្រទេសអេហ្ស៊ីប ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្ននៅដើមខែនេះ នឹងក្លាយជាសាក្សីនៃការសម្របសម្រួលបន្ថែមទៀតជាមួយភាគីក្នុងតំបន់ និងអន្តរជាតិនានា រួមទាំងភាគីប៉ាឡេស្ទីន ដើម្បីជំរុញការអនុវត្តរបស់ខ្លួន។
លោក មូស្តាហ្វា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាបទឈប់បាញ់ដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្តារ និងកសាងឡើងវិញ។ លោកក៏បានជម្រាបជូនលោក ម៉ាដប៊ូលី អំពីទំនាក់ទំនងការទូតដែលកំពុងបន្តរបស់ប៉ាឡេស្ទីនជាមួយភាគីអារ៉ាប់ ឥស្លាម និងអន្តរជាតិ ដើម្បីដោះស្រាយស្ថានការណ៍នៅតំបន់ហ្គាហ្សា និងការត្រៀមរៀបចំសម្រាប់សន្និសីទកសាងតំបន់ហ្គាហ្សាដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគែរ។
ភាគីទាំងពីរបានឯកភាពបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលក្នុងអំឡុងពេលខាងមុខដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសំដៅលើអនុវត្តន៍ផែនការកសាងឡើងវិញ និងរក្សាបទឈប់បាញ់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





