កងទ័ពជើងទឹកចិន និងថៃ ត្រៀមហ្វឹកហាត់រួមគ្នានៅខេត្តក្វាងទុង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិចិនបានប្រកាសកាលពីថ្ងៃចន្ទថា កងទ័ពជើងទឹកនៃប្រទេសចិន និងថៃ នឹងធ្វើការហ្វឹកហ្វឺនរួមគ្នានៅជិតតំបន់ហ្សាន់ជាង ក្នុងខេត្តក្វាងទុង ចាប់ពីចុងខែមីនាដល់ដើមខែមេសា។
យោងតាមការចេញផ្សាយរបស់ក្រសួងនោះ បានឱ្យដឹងថា ការហ្វឹកហ្វឺនដែលធ្វើឡើងក្រោមកិច្ចព្រមព្រៀងទៅវិញទៅមករវាងប្រទេសទាំងពីរនេះ នឹងផ្តោតជាចម្បងទៅលើយុទ្ធសាស្ត្រប្រឆាំងអំពើភេរវកម្មក្នុងទីក្រុង ការវាយប្រហារតាមសមុទ្ររួមគ្នា និងសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នា។
ព្រឹត្តិការណ៍ត្រូវបានកត់សម្គាល់ថា ជាព្រឹត្តិការណ៍លើកទីប្រាំមួយដែលកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានធ្វើការហ្វឹកហ្វឺនរួមគ្នា ដែលមានបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើនសមត្ថភាពប្រតិបត្តិការដែនសមុទ្ររួមគ្នារបស់ប្រទេសទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





