កូរ៉េខាងជើងថ្កោលទោសចំពោះសមយុទ្ធយោធាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដែលជាការជំរុញការវាយប្រហារ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងជើង បានថ្កោលទោសចំពោះការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំចុងក្រោយបំផុតរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយបានព្រមានថា ខ្លួននឹងបន្តពង្រឹងអំណាចធ្វើការវាយប្រហាររបស់ខ្លួនដើម្បីទប់ស្កាត់ការគំរាមកំហែងពីសត្រូវរបស់ខ្លួន។
វិទ្យាស្ថានរំសាយអាវុធ និងសន្តិភាពនៅក្រសួងការបរទេសកូរ៉េខាងជើង បានចេញការថ្កោលទោសនេះបន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់សមយុទ្ធ Freedom Shield ប្រចាំឆ្នាំរបស់ពួកគេដែលមានរយៈពេល ១១ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍។
ដោយហៅសមយុទ្ធនេះថាជា «ការហាត់សមសង្គ្រាមនុយក្លេអ៊ែរដែលបានគ្រោងទុក និងជាការបង្កហេតុ» ប្រទេសកូរ៉េខាងជើងបាននិយាយថា លក្ខណៈឈ្លានពាន និងវាយលុកនៃសមយុទ្ធនៅក្នុងឆ្នាំនេះ គឺមានកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។
វិទ្យាស្ថាននោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយសារព័ត៌មាន KCNA ថា «មានអំណាចវាយប្រហារដ៏ខ្លាំងមួយដែលគ្មាននរណាម្នាក់អាចបញ្ឈប់បាន ហើយអំណាចនៃការវាយប្រហារដ៏លើសលប់នេះ គឺជាការធានាដ៏ប្រាកដប្រជាក្នុងការការពារសង្រ្គាម ទប់ស្កាត់ និងគ្រប់គ្រងការគំរាមកំហែងណាមួយពីអ្នកឈ្លានពាន»។
កូរ៉េខាងជើងបានប្តេជ្ញាថានឹងបន្ត និងពង្រឹងការឆ្លើយតបរបស់ខ្លួនជាប្រចាំក្នុងគ្រប់វិស័យដើម្បីគ្របសង្កត់រាល់សកម្មភាពយោធាដោយសត្រូវរបស់ខ្លួន។
កូរ៉េខាងជើងបានថ្កោលទោសចំពោះសមយុទ្ធយោធារួមរបស់សម្ព័ន្ធមិត្តជាយូរមកហើយដោយបាននិយាយថាវាជាការហាត់សមសម្រាប់ការលុកលុយ ហើយប្រើវាជាលេសសម្រាប់ការបង្កហេតុ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





