អ្នកចរចាអាម៉េរិក និងរុស្ស៊ី ចាប់ផ្តើមកិច្ចចរចានៅទីក្រុងរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអូឌីត
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- ជំនួបកំពូលរវាងគណៈប្រតិភូសហរដ្ឋអាមេរិកដែលដឹកនាំដោយបេសកជនពិសេសអាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងអ្នកចរចារបស់វិមានក្រឹមឡាំង បានចាប់ផ្តើមនៅទីក្រុងរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងជំរុញឱ្យមានបទឈប់បាញ់គ្នានៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តនៅក្នុងកិច្ចពិភាក្សាដាច់ដោយឡែកមួយជាមួយទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។
កិច្ចពិភាក្សានោះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទ ដោយកិច្ចប្រជុំនោះបានកើតឡើងនៅមួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សាត្រូវបានធ្វើឡើងរវាងក្រុមការងារសហរដ្ឋអាមេរិកដែលដឹកនាំដោយបេសកជនសម្រាប់អ៊ុយក្រែនរបស់ប្រធានាធិបតីអាម៉េរិក គឺលោក ឃែត ខែលឡូក (Keith Kellogg) និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រូស្ទែម យូម៉េរ៉ូវ (Rustem Umerov)។
មនុស្សជាច្រើនដែលឃ្លាំមើលពីសហរដ្ឋអាមេរិក និងទូទាំងទ្វីបអឺរ៉ុបសង្ឃឹមថា ភាពវិជ្ជមានដំបូងមួយចំនួនអាចត្រូវបានបកប្រែទៅជាបទឈប់បាញ់គ្នារយៈពេល ៣០ថ្ងៃ និងកិច្ចចរចារយៈពេលវែង។ គណៈប្រតិភូរុស្ស៊ីនៅសណ្ឋាគារ Ritz Carlton ក្នុងទីក្រុងរីយ៉ាដ រួមមានអ្នកការទូតរបស់វិមានក្រឹមឡាំង លោក ហ្រ្គីហ្គោរី ការ៉ាស៊ីន (Grigory Karasin) និងអតីតប្រធានចារកម្ម លោក ស៊ែរហ្គេយ បេសេដា (Sergey Beseda)។
មនុស្សជាច្រើននៅអ៊ុយក្រែនបានចាត់ទុកលោក បេសេដា ជាអ្នកជាតិនិយមម្នាក់ និងជាអ្នកគាំទ្រដំបូងនៃការលុកលុយរបស់រុស្ស៊ីកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ថ្លែងទៅកាន់ម្ចាស់កម្មវិធីផ្សព្វផ្សាយមួយ លោក ថាក់ខឺរ ខាលសុន (Tucker Carlson) កាលពីថ្ងៃអាទិត្យ លោក វូតកូហ្វ ហាក់ដូចជាបង្ហាញការអាណិតអាសូរចំពោះគោលដៅទឹកដីរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយតំបន់ទាំងបួនដែលរុស្ស៊ីចង់ដាក់បញ្ចូលជាផ្លូវការនោះរួមមាន តំបន់ឃើរសុន តំបន់ហ្សាប៉ូរីសហ្សៀ តំបន់ដូណេតស្ក៍ និងតំបន់កូហាន់ស្ក៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





