ការផ្តល់លិខិតអញ្ជើញដល់អ្នកបោះឆ្នោត ក្នុងការចូលរួមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតមានសារៈសំខាន់
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥--
លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីសារៈសំខាន់នៃការផ្តល់លិខិតអញ្ជើញដល់អ្នកបោះឆ្នោត ក្នុងការចូលរួមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះ។ ការលើកឡើងយ៉ាងដូច្នេះបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០២ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡោ ប៊ុនពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឃូ ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រីអភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុកទាំង៩ មេឃុំ ចៅសង្កាត់ ឬតំណាង និងស្មៀនឃុំ សង្កាត់ ទាំង៦៧ និងតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរពាក់ព័ន្ធជុំវិញ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា លិខិតអញ្ជើញនេះនឹងជួយសម្រួលដល់ដំណើរការបោះឆ្នោត និងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។

ក្នុងឱកាសនោះ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សេចក្តីណែនាំនេះមានគោលបំណងធានាបាននូវការផ្តល់លិខិតអញ្ជើញដល់អ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០២៤ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ លោកឃូពៅក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តសេចក្តីណែនាំនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

កិច្ចប្រជុំនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ភាគីពាក់ព័ន្ធទាំងអស់បានប្តេជ្ញាចិត្តចូលរួមសហការ និងអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវការបោះឆ្នោតប្រកបដោយគុណភាព និងភាពជឿជាក់៕
ដោយ ឈុន សារ៉ាត





