លោកសាយ គឹមឡម៖ ភូមិឃុំមានសុវត្ថិភាពគឺផ្ដើមចេញពីយើងទាំងអស់គ្នា
AKP កំពង់ធំ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥--
លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានលើកឡើងថា ភូមិឃុំមានសុវត្ថិភាពគឺផ្ដើមចេញពីយើងទាំងអស់គ្នា ក្នុងឱកាសដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែមីនានៅសាលាស្រុកស្ទោង នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា កាលណាយើងទាំងអស់គ្នារួមគ្នាក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង អំពើអនាធិបតេយ្យផ្សេងៗ ការបង្រ្កាបទប់ស្កាត់បទល្មើសគ្រឿងញៀនគឺជារឿងដែលចាំបាច់បំផុតដែលចូលរួមសហការខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក៏ដូចជាកងកម្លាំងទាំងបីនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសយុវជន និងបានឱ្យកងកម្លាំងទាំងបីនិងអាជ្ញាធរពាក់ព័ន្ធត្រូវមានកិច្ចសហការគ្នាខ្ពស់និងធ្វើផែនការសកម្មភាពឱ្យបានច្បាស់លាស់ស្តីពីការចូលរួមថែរក្សាសន្តិសុខសណ្ដាប់សាធារណៈទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាវត្តអារាមផ្សេងៗក្នុងឱកាសកម្សាន្តសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ។

ទន្ទឹមនឹងនោះ លោកអភិបាលស្រុកបានបញ្ជាដាច់ខាតដល់គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការថែរក្សាអភិរក្សការពារធនធានធម្មជាតិព្រៃឈើនៅតំបន់អភិរក្សអន្លង់ក្រាញ់ និងស្រែក្រសាំងស្ថិតនៅក្នុងឃុំពពកដែលកំពុងរងនូវការគំរាមកំហែងពីជនទុច្ចរិត និងពួកឱកាសនិយមដើម្បីធានាឱ្យបាននូវធនធានធម្មជាតិបៃតងនេះ និងបានណែនាំដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុកនិងគ្រប់បណ្ដាឃុំត្រូវធ្វើសេចក្តីជូនដំណឹងឱ្យបានទូលំទូលាយស្ដីពីយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ កំពុងអនុវត្តជាក់ស្តែងតាមប្រតិទិនដែលបានកំណត់ជូនដើម្បីឱ្យប្រជាពលរដ្ឋបានទៅធ្វើឱ្យបានគ្រប់ៗគ្នានិងបានបញ្ជាដាច់ខាតដល់បណ្ដាឃុំមួយចំនួនត្រូវបង្កើតគណៈកម្មការគ្រប់គ្រងទប់ស្កាត់បទល្មើសចរាចរណ៍ដែលបង្កឡើងដោយសត្វពាហនៈដែលពុំមានទំនូសខុសត្រូវពីម្ចាស់ហើយត្រូវធ្វើលិខិតអញ្ជើញម្ចាស់សត្វទាំងនោះមកធ្វើកិច្ចសន្យានិងបញ្ឈប់ការលែងសត្វរបស់ខ្លួនបែបអនាធិបតេយ្យតទៅទៀត។

លោក សាយ គឹមឡម បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធដែលបានរួមសហការការខ្ពស់ក្នុងការទប់ស្កាត់ រក្សាសន្តិសុខស្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងទទួលនូវបានប័ណ្ណសរសើរជាប់លេខ១កន្លងមក ហើយបានណែនាំដល់សហការីក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយទំនួលខុសត្រូវខ្ពស់ជាពិសេសត្រូវផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅជាក់ស្ដែងប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូននៅក្នុងមូលដ្ឋាន៕
ដោយ ស៊ុម វណ្ណា





