រដ្ឋបាលរាជធានីភ្នំពេញសុំការយោគយល់ចំពោះការបិទផ្លូវ៣៧១ ចំណុចមុខការដ្ឋានស្ថានីយបូមទឹកបឹងទំពន់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកបឹងទំពន់ដោយបំពាក់បន្ថែមម៉ូទ័របូមទឹកមុខកាត់១,៥ម៉ែត្រចំនួន០២គ្រឿង ដែលមានសមត្ថភាពបូមទឹក១២ម៉ែត្រគូប ក្នុង១វិនាទី។ បច្ចុប្បន្នការងារសាង សង់ស្ថានីយនេះដល់ដំណាក់កាលសង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ ទទឹងផ្លូវលេខ៣៧១ ចំណុចមុខ ស្ថានីយបូមទឹកបឹងទំពន់។
ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទកំណាត់ផ្លូវលេខ៣៧១ ចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាងជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីល្ងាច។
ដូច្នេះ សាធារណជនទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើសូមយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាម ផែនការកំណត់។
ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរលើកំណាត់ផ្លូវខាងលើនេះឱ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់៕


ដោយ សួស សំរិត





