រដ្ឋបាលព្រៃឈើ និងអង្គការ NTFP-EP តាំងពិព័រណ៍ និងទីផ្សារផលិតផលអនុផលព្រៃឈើ នៅខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ និងសហការី កាលពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥ បានចូលរួមកម្មវិធីតាំងពិព័រណ៍ និងទីផ្សារផលិតផលអនុផលព្រៃឈើ ដែលរៀបចំដោយអង្គការ NTFP-EP នៅសួនច្បារខាងមុខព្រះរាជដំណាក់ ខេត្តសៀមរាប។

ការតាំងពិព័រណ៍ និងទីផ្សារផលិតផលអនុផលព្រៃឈើនេះ ក្នុងគោលបំណងប្រមូលផ្តុំអ្នកផលិតអនុផលព្រៃឈើ ផលិតផលក្នុងស្រុក និងអ្នកបញ្ជាទិញ ដើម្បីបង្កើតយុទ្ធសាស្ត្រទីផ្សារថ្មី និងការផ្សារភ្ជាប់ទីផ្សារប្រកបដោយនិរន្តរភាព និងភាពជាដៃគូ។ រដ្ឋបាលព្រៃឈើតាមរយៈការអនុវត្តគម្រោងថ្នាក់តំបន់ស្តីពីពង្រឹងសមត្ថភាពលើភាពធន់នឹងភ្លើងឆេះព្រៃ ការចិញ្ចឹមជីវិត និងការផ្សារភ្ជាប់ទីផ្សារ ដោយមានការគាំទ្រថវិកាពីមូលនិធិសហប្រតិបត្ដិការអាស៊ានកូរ៉េ Asian Korea Cooperation Fund (AKCF) តាមរយៈអង្គការសហប្រតិបត្ដិការព្រៃឈើអាស៊ាន (AFoCO) បានដាក់តាំងបង្ហាញផលិតផលអនុផលព្រៃឈើដែលជាសមិទ្ធផលរបស់គម្រោង។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងក្រសួងបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសា ខេត្តសៀមរាប៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលព្រៃឈើ)





