ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងជើងប្រចាំប្រទេសប៊ុលហ្គារីចូលកាន់តំណែង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងជើងប្រចាំប្រទេសប៊ុលហ្គារីបានចូលកាន់តំណែង។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បាននិយាយថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសប៊ុលហ្គារី លោក រី ហាក់មូ (Ri Hak-mu) បានបង្ហាញលិខិតដែលបញ្ជាក់ពីអត្តសញ្ញាណដល់ប្រធានាធិបតីប៊ុលហ្គារី លោក រូមេន រ៉ាដេវ (Rumen Radev) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ឯកអគ្គរដ្ឋទូតមុនគឺលោក ចា កុនអ៊ីល (Cha Kon-il) បានចាកចេញពីការងារកាលពីខែមេសាឆ្នាំមុន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងមិនបានផ្សព្វផ្សាយថាតើអ្នកណានឹងជំនួសលោក ចា ។
ចាប់តាំងពីឆ្នាំ២០២៣ មក ប្រទេសកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាបានបិទបេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេសមួយចំនួនរួមមានប្រទេសអង់ហ្គោឡា នេប៉ាល់ បង់ក្លាដែស អេស្បាញ និងអ៊ូហ្គង់ដា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





