អាជ្ញាធរសុខាភិបាល៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានកើនដល់ ៥០.០០០នាក់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់៥០.០០០នាក់។
សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅសាកសពចំនួន ៤១ នាក់ និងអ្នករងរបួសចំនួន ៦១នាក់ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យនៅទូទាំងតំបន់ហ្គាហ្សា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៥០.០២១នាក់ និង១១៣.២៧៤នាក់បានរងរបួសចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅដើមខែតុលា ឆ្នាំ២០២៣។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ចាប់តាំងពីការវាយប្រហារតាមអាកាសជាថ្មីរបស់អ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី១៨ខែមីនា យ៉ាងហោចណាស់ មនុស្ស ៦៧៣នាក់ត្រូវបានសម្លាប់និង១.២៣៣នាក់បានរងរបួស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





