រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបពិភាក្សាអំពីស្ថិរភាពក្នុងតំបន់ជាមួយសមភាគីលីបង់ និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក បាដរ អាប់ដេឡាតទី (Badr Abdelatty) បានពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ចុងក្រោយបំផុតជាមួយសមភាគីលីបង់ និងអ៊ីរ៉ង់ ក្នុងអំឡុងពេលការហៅទូរស័ព្ទពីរដាច់ដោយឡែកពីគ្នា។
ក្នុងអំឡុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសលីបង់ លោក យូសសេហ្វ រ៉ាចជី (Youssef Rajji) លោក អាប់ដេឡាតទី បានសង្កត់ធ្ងន់លើការគាំទ្ររបស់ប្រទេសអេហ្ស៊ីបចំពោះប្រទេសលីបង់ ស្ថាប័នជាតិ និងស្ថិរភាពរបស់ខ្លួនក្នុងការប្រឈមមុខនឹងបញ្ហាសន្តិសុខ ដោយលោកបានបញ្ជាក់ជាថ្មីពីការបដិសេធរបស់ប្រទេសរបស់លោកចំពោះសកម្មភាពណាមួយដែលអាចបំផ្លាញសន្តិសុខ សុវត្ថិភាព និងស្ថិរភាពរបស់ប្រជាជនលីបង់។
ដោយគូសបញ្ជាក់អំពីតម្រូវការដើម្បីរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់នៅភាគខាងត្បូងប្រទេសលីបង់ លោកបានអំពាវនាវឱ្យមានការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ និងអនុញ្ញាតឱ្យកងទ័ពលីបង់អាចអនុវត្តន៍ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៧០១។ លោកបញ្ជាក់ថា ដំណោះស្រាយ «ត្រូវតែអនុវត្តន៍ឱ្យបានពេញលេញ និងស្របគ្នាដោយគ្រប់ភាគីដោយគ្មានការជ្រើសរើស»។
ទន្ទឹមនឹងនេះ លោក អាប់ដេឡាតទី និងសមភាគីអ៊ីរ៉ង់ លោក សេយេដ អាប់បាស់ អារ៉ាហ្គជី (Seyed Abbas Araghchi) បានលើកឡើងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងតម្រូវការដើម្បីទប់ស្កាត់ការកើនឡើងនេះ មិនថានៅតំបន់ហ្គាហ្សា ប្រទេសលីបង់ ឬយេម៉ែន នោះទេ។
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអត់ធ្មត់ក្នុងដំណាក់កាលដ៏សំខាន់នេះនៅក្នុងតំបន់ ហើយត្រូវចៀសវាងការចាត់វិធានការ ឬសកម្មភាពណាមួយដែលនឹងធ្វើឱ្យស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





