ទំហំពាណិជ្ជកម្មអាហ្វហ្គានីស្ថានឈានដល់ជិត ១៣ប៊ីលានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយកាលពីថ្ងៃអាទិត្យថា ទំហំពាណិជ្ជកម្មរបស់ប្រទេសអាហ្វហ្គានីស្ថានបានឈានដល់ជិត ១៣ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ១៤០៣ (ឆ្នាំនៅក្នុងប្រតិទិន Persian ដែលបានបញ្ចប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥) ហើយផ្នែកសំខាន់នៃប្រតិបត្តិការគឺជាទំនិញនាំចូល។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bakhtar បានដកស្រង់សម្តីអ្នកនាំពាក្យរបស់ក្រសួង លោក អាឃុនហ្សាដា អាប់ឌុល សាឡាម ចាវ៉ាដ (Akhundzada Abdul Salam Jawad) ថា «ការនាំចេញរបស់ប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ១៤០៣ ឈានដល់ ១,៧៨៥ប៊ីលានដុល្លារអាម៉េរិកខណៈដែលការនាំចូលមានចំនួន ១១,១៦៤ប៊ីលានដុល្លារអាម៉េរិក»។
ទំនិញនាំចេញសំខាន់ៗរបស់ប្រទេសអាហ្វហ្គានីស្ថានរួមមានកប្បាសផ្លែល្វា កំរាលព្រំ ត្បូងមានតម្លៃ និងត្បូងពាក់កណ្តាលមានតម្លៃ ហើយទិសដៅនាំចេញភាគច្រើនគឺ ប្រទេសប៉ាគីស្ថាន អ៊ីរ៉ង់ ចិន កាហ្សាក់ស្ថានតាជីគីស្ថាន តួកគី អ៊ីរ៉ាក់ អ៊ូសបេគីស្ថាន និងអេមីរ៉ាតអារ៉ាប់រួម។
ទំនិញនាំចូលរួមមាន ប្រេងសាំង ម៉ាស៊ូត ម្សៅ ឧស្ម័នរាវ ថ្នាំពេទ្យប្រេងឆា អង្ករ គ្រឿងចក្រ និងគ្រឿងបន្លាស់ ហើយភាគច្រើនត្រូវបាននាំចូលពីប្រទេសចិន តួកមេនីស្ថាន រុស្ស៊ី ឥណ្ឌា ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





