ចង់ពង្រឹងទំនាក់ទំនងផ្លូវដែកជាមួយឡាវ និងចិន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- ផ្លូវដែករដ្ឋថៃ (SRT) គ្រោងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញរបស់ខ្លួនជាមួយប្រទេសឡាវ និងចិន ដើម្បីបង្កើនពាណិជ្ជកម្ម និងពង្រឹងគោលជំហររបស់ប្រទេសថៃជាមជ្ឈមណ្ឌលផ្លូវដែកក្នុងតំបន់។
អភិបាល SRT លោក វីរីស អាំម៉ារ៉ាប៉ាឡា (Veeris Ammarapala)បាននិយាយថា ថ្មីៗនេះលោកបានជួបពិភាក្សាជាមួយអភិបាលរដ្ឋសហគ្រាសផ្លូវដែកជាតិឡាវ លោក ដៅចិន្តា ស៊ីហារ៉ាត (Daochinda Siharath) និងអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនផ្លូវដែកឡាវ-ចិន (LCR) លោក លុយ ហុង (Liu Hong) ស្តីពីប្រធានបទនេះ។
លោកបាននិយាយថា គោលដៅនៃកិច្ចពិភាក្សានោះ គឺដើម្បីអភិវឌ្ឍន៍បណ្តាញដឹកជញ្ជូនផ្លូវដែក និងមានប្រសិទ្ធភាពជាងមុន ដែលតភ្ជាប់ប្រទេសថៃ ឡាវ និងចិន ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាពភស្តុភារជាមួយម៉ាឡេស៊ី។
ប្រធានបទសំខាន់ៗរួមមាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាដឹកជញ្ជូន ការអភិវឌ្ឍស្ថានីយ៍ ការតភ្ជាប់ផ្លូវ និងការសម្រួលដំណើរការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ លោក វីរីស បាននិយាយបន្ថែមថាភាគីទាំងបីបានព្រមព្រៀងសហការគ្នាទៅលើផែនការគ្រប់គ្រងជាប្រព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន។
យោងតាមរូបលោក បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងបែបនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនការប្រកួតប្រជែងរបស់កសិករថៃនៅក្នុងទីផ្សារអន្តរជាតិ ជាពិសេសការនាំចេញផលិតផលផ្លែធុរេន មង្ឃុត និងម្សៅដំឡូងមី។ ជាឧទាហរណ៍ នៅពេលដែលបានបញ្ចប់ការសាងសង់ ផ្លូវរថភ្លើងឡែមចាបាង - គុនមីង នឹងចំណាយពេលត្រឹមតែ ២-៣ថ្ងៃប៉ុណ្ណោះ បើធៀបទៅនឹងការចំណាយពេលប្រហែលមួយសប្តាហ៍នៃការដឹកជញ្ជូនតាមសមុទ្រដើម្បីតភ្ជាប់ទីតាំងរបស់ថៃ និងចិន។
លោក វីរីស បាននិយាយថា វាអាចជួយពង្រឹងគោលជំហររបស់ប្រទេសថៃជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវដែកក្នុងតំបន់អាស៊ាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





