ម៉ាឡេស៊ីកត់ត្រាការខាតបង់ជាង ២១០លានដុល្លារអាម៉េរិកដោយសារគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- នាយកដ្ឋានស្ថិតិម៉ាឡេស៊ី(DOSM) បានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រទេសម៉ាឡេស៊ីបានកត់ត្រានូវការខាតបង់ទឹកប្រាក់ទាក់ទងនឹងគ្រោះទឹកជំនន់សរុបចំនួន៩៣៣,៤លានរីងហ្គីត (២១០,៥៨លានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំ២០២៤ដែលកើនឡើងពីចំនួន ៧៥៥,៤លានរីងហ្គីត កាលពីក្នុងឆ្នាំ២០២៣។
នាយកដ្ឋានបានបញ្ជាក់ថា ការខាតបង់ទាក់ទងនឹងគ្រោះទឹកជំនន់នេះ គឺស្មើនឹង ០,០៥% នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំមុន ធៀបនឹង ០,០៤% នៅក្នុងមួយឆ្នាំមុន។ ការខាតបង់ដែលបានរាយការណ៍នេះរួមមាន តម្លៃនៃការខូចខាតកន្លែងរស់នៅ យានយន្ត អាជីវកម្ម និងបរិវេណឧស្សាហកម្ម។
ការខាតបង់ខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងតំបន់រស់នៅរបស់ប្រជាជន ដោយកើនឡើងដល់ចំនួន ៣៧២,២លានរីងហ្គីតនៅក្នុងឆ្នាំ២០២៤ពីចំនួន ១៦៨,៣លានរីងហ្គីតកាលពីក្នុងឆ្នាំ២០២៣ បន្ទាប់មកគឺកាខាតបង់ទ្រព្យសម្បត្តិសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ដែលមានចំនួន៣០៣,៤លានរីងហ្គីត ដែលធ្លាក់ចុះពីចំនួន ៣៨០,៧លានរីងហ្គីតកាលពីក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះដែរ ការខាតបង់ផ្នែកកសិកម្មកើនឡើងដល់ចំនួន១៨៥លានរីងហ្គីត ពីចំនួន ១២០,៦ លានរីងហ្គីតកាលពីក្នុងឆ្នាំ២០២៣។
វិស័យធុរកិច្ចបានកត់ត្រានូវការខាតបង់ចំនួន ៥៤,១លានរីងហ្គីតដែលកើនឡើងពីចំនួន ៥៣,២លានរីងហ្គីតកាលពីក្នុងឆ្នាំ២០២៣។
វិស័យផលិតកម្មបានជួបប្រទះផលប៉ះពាល់ទាបបំផុត គឺ ១,២លានរីងហ្គីត ដែលធ្លាក់ចុះពីចំនួន ១០,៣លានរីងហ្គីតកាលពីក្នុងឆ្នាំ២០២៣៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





