ឥណ្ឌូណេស៊ី និងអូស្ត្រាលី បង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីអូណូ (Sugiono) និងសមភាគីអូស្ត្រាលី លោកស្រី ផេននី វ៉ុង (Penny Wong) បានព្រមព្រៀងគ្នាដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះនៅទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី។
លោក ស៊ូគីអូណូ បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយលោកស្រី វ៉ុងកាលពីពេលថ្មីៗនោះថា ភាគីទាំងពីរនឹងបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ រ៉ែសំខាន់ៗ និងរថយន្តអគ្គិសនី និងផលិតផលអាគុយជាដើម។
លោកក៏បានលើកឡើងផងដែរអំពីកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលផ្សេងៗទៀត ដែលរួមមានវិស័យកសិកម្ម និងសន្តិសុខស្បៀង ការអប់រំ និងការស្រាវជ្រាវ ការពារជាតិ និងសន្តិសុខ និងទំនាក់ទំនងប្រជាជន និងប្រជាជន។
មន្ត្រីឥណ្ឌូណេស៊ីរូបនេះបានចាត់ទុកជំនួបជាមួយលោកស្រី វ៉ុង ជាសក្ខីភាពមួយចំពោះទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលបង្កើតឡើងនៅលើតម្លៃរួមគ្នា ការគោរពអធិបតេយ្យភាពជាតិ និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាសកល។
ទន្ទឹមនឹងនោះដែរ លោកស្រី វ៉ុង បានសង្កត់ធ្ងន់ថា ការជឿទុកចិត្តគ្នាទៅវិញទៅមក និងមិត្តភាពដ៏រឹងមាំជាមួយឥណ្ឌូណេស៊ីបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
យោងតាមសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈការជំរុញអាទិភាពនៃការអភិវឌ្ឍរួមគ្នា ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





