ថៃសន្យាខិតខំទប់ស្កាត់ការឆបោកតាមមជ្ឈមណ្ឌលហៅទូរស័ព្ទ និង ឧក្រិដ្ឋកម្មឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- យោងតាមឧបនាយករដ្ឋមន្ត្រីថៃនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភុមថាំ វេឆាយាឆៃ (Phumtham Wechayachai) បាននិយាយថា ប្រទេសថៃកំពុងបង្កើនវិធានការយ៉ាងខ្លាំងដើម្បីទប់ស្កាត់ការបោកប្រាស់តាមមជ្ឈមណ្ឌលហៅទូរស័ព្ទ និងឧក្រិដ្ឋកម្មឆ្លងដែន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនោះ។
បន្ទាប់ពីធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការដឹកនាំស្តីពីការទប់ស្កាត់ការគំរាមកំហែងផ្នែកសន្តិសុខនៅតាមតំបន់ព្រំដែន ដែលបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា លោក ភុមថាំ បានបញ្ជាក់ថា វិធានការកាត់ផ្តាច់ចរន្តអគ្គិសនី ប្រព័ន្ធអ៊ីនធើណេត និងប្រេងឥន្ធនៈនៅតំបន់ដែលមានព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ានឹងនៅតែបន្តអនុវត្ត ដើម្បីធានានូវប្រសិទ្ធភាពរបស់វិធានការទៅលើឧក្រិដ្ឋជន។
លោកបាននិយាយថា បើទោះបីជាការបង្រ្កាបទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែសកម្មភាពបោកប្រាស់នៅតែបន្តកើតមាននៅក្នុងតំបន់មួយចំនួន ដោយក្រុមជនខិលខូចបានផ្លាស់ប្តូរទីតាំងរបស់ពួកគេពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។
លោកបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការដោះស្រាយជាមួយក្រុមជនខិលខូច ស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra)។
ក្រៅពីការឆបោកតាមមជ្ឈមណ្ឌលហៅទូរសព្ទ ការរត់ពន្ធទំនិញឆ្លងកាត់តាមព្រំដែនក៏នៅតែជាបញ្ហាដ៏សំខាន់។
លោក ភុមថាំ បានបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធកំពុងពិភាក្សារកវិធីទប់ស្កាត់ការរត់ពន្ធទំនិញហាមឃាត់ទៅកាន់មជ្ឈមណ្ឌលបោកប្រាស់តាមទូរសព្ទតាមច្រកឆ្លងកាត់មួយចំនួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





