ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងខេត្តកំពតទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥-- ឆ្លៀតក្នុងដំណើរបំពេញការងារនៅខេត្តកំពត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងក្រុមប្រតិបត្តិសាខា-អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតមានដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនមានពិការភាពគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍នៅតាមខ្នងផ្ទះសរុបចំនួន២០គ្រួសារ រស់នៅក្នុងឃុំបឹងនិមល ស្រុកឈូក និងឃុំអង្គរមាស ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

ក្នុងឱកាសនៃការនាំយកអំណោយមនុស្សធម៌សម្រាលការលំបាកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២០គ្រួសារដោយផ្ទាល់ដៃនៅតាមខ្នងផ្ទះនេះផងដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ក្រៅពីបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវក៏បានបញ្ជាក់ថា «ការចុះមកដល់ខ្នងផ្ទះនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលណែនាំឱ្យសហការីធ្វើយ៉ាងណានាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋងាយរងគ្រោះបំផុតតែម្ដង ហើយចំពោះការនាំយកអំណោយមកនេះដែរគឺជាការលើកទឹកចិត្ត និងបញ្ជាក់ថា ពួកគាត់មិននៅឯកោដែលត្រូវបានទុកចោលដោយមិនមានការយកចិត្តទុកដាក់នោះទេ ជាងនេះទៅទៀតការចុះតាមខ្នងផ្ទះនេះដែរក៏ដើម្បីបានដឹងពីស្ថានភាពជីវភាពនិងការរស់នៅកាន់តែច្បាស់បន្ថែមទៀត ព្រមទាំងបញ្ជ្រាបការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសុខភាពនិងអនាម័យផ្ទាល់ខ្លួន តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ក៏ដូចជាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមិនដុតសំរាមពាសវាលពាសកាលជាពិសេសប្លាស្ទិកជាដើមដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពនិងបំពុលបរិស្ថានជាដើម។

ទន្ទឹមនឹងនេះ លោកជំទាវបានផ្តាំផ្ញើដល់គ្រួសារដែលមានជំងឺត្រូវថែរក្សាសុខភាព ញ៉ាំថ្នាំឱ្យបានទៀងទាត់តាមការណែនាំឱ្យរបស់គ្រូពេទ្យ។ ដោយឡែកគ្រួសារដែលមានកូនតូចលោកជំទាវបានលើកទឹកចិត្តឱ្យអាណាព្យាបាលត្រូវបញ្ជូនកូនទៅសាលារៀនឱ្យបានគ្រប់គ្នាជាពិសេសរៀននូវជំនាញវិជ្ជាជីវៈដើម្បីអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរបាន។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានសម្តែងក្តីរំភើបយ៉ាងក្រៃលែង និងគោរពថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ក្រុមការងារនាំយកអំណោយជួយសម្រាលការលំបាករបស់ពួកគាត់ និងសូមគោរពជូនពរសម្តេច និងក្រុមការងារជួបប្រទះតែសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងសូមជួបតែពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា គ្រួសារនីមួយៗទទួលបានអំណោយជា អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកាមួយចំនួន៕
ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





