ឯកឧត្តម គួច ចំរើន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់សមាគមមិត្តដើម្បីមិត្ត
AKP កណ្ដាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្នុងអាណត្តិទី៧នៃសមាគមមិត្តដើម្បីមិត្ត ដែលបានរៀបចំឡើងនៅសាលាគរុកោសល្យ និងវិក្រិត្យការខេត្តកណ្ដាល។

សមាគមមិត្តដើម្បីមិត្តបានចាប់បដិសន្ធិនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦ តាមលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃលេខ១២៩៥ សជណ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៥។ គិតមកទល់ឆ្នាំ២០២៥នេះ សមាគមបានដំណើរការអស់រយៈពេល២០ឆ្នាំកន្លងមកហើយ បានប្រារព្ធសន្និបាតប្រចាំឆ្នាំជារៀងរាល់ឆ្នាំ និងបានប្រារព្ធសន្និបាតប្រចាំអាណត្តិក្នុងរយៈពេល៣ឆ្នាំម្តង។ បច្ចុប្បន្ននេះ សមាគមមានសមាជិកសរុបចំនួន៥៣៥នាក់ ក្នុងនោះស្ត្រី ១០៧នាក់ អាយុក្រោម ៦០ឆ្នាំ ៥៦ ភាគរយ និងអាយុលើសពី៦០ឆ្នាំ ៤៤ភាគរយ។ ក្នុងចំណោមសមាជិកទាំង៥៣៥ នាក់មាន៖ មន្ត្រីចូលនិវត្តន៍ ២១១នាក់ មន្រ្តីរាជការកំពុងបំពេញការងារ ១៩៤នាក់ និងជាអាជីវករ-កីឡករ-តន្ត្រីករ ១៣០នាក់។

សូមបញ្ជាក់ថា សមាគមមិត្តដើម្បីមិត្តបានកំណត់គោលដៅច្បាស់លាស់របស់ខ្លួនគឺចូលរួមពង្រឹងពង្រីកសាមគ្គីភាពដ៏ទូលំទូលាយ នៅក្នុងសង្គមជាតិដោយគ្មានការើសអើង និងចូលរួមលើកកម្ពស់ការថែរក្សាការពារសុខសន្តិភាព នៃប្រទេសជាតិដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់មនុស្សជាតិគ្រប់រូប ដោយចៀសវាងមិនធ្វើសកម្មភាពបម្រើផលប្រយោជន៍ឱ្យគណបក្សនយោបាយណាមួយឡើយ៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





