ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ធ្វើបាឋកថាស្តីពី “ខ្ញុំចង់ក្លាយជាគ្រូបង្រៀនល្អ”
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥-- នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោងកែលម្អការអប់រំចំណេះទូទៅបានធ្វើបាឋកថាស្តីពី “ខ្ញុំចង់ក្លាយជាគ្រូបង្រៀនល្អ” ដោយមានការចូលរួមស្តាប់បទបាឋកថាពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀននៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍមកពីអនុវិស័យបឋមសិក្សាប្រមាណ ២០០នាក់ និងមធ្យមសិក្សាប្រមាណជិត ៥០០នាក់។

តាមរយៈបាឋកថានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានរំលេចថា គ្រូបង្រៀនល្អ (ចំណុចស្នូល) ត្រូវមានគុណវុឌ្ឍិរឹងមាំ និងទូលំទូលាយ (សញ្ញាបត្រ ការបណ្តុះបណ្តាល) សម្បទាគរុកោសល្យ (ការសមប្រកបដោយគរុកោសល្យ) បទពិសោធន៍ការងារ (ស្រាវជ្រាវ នវានុវត្តន៍) ភាសាបរទេស បច្ចេកវិទ្យា ស្រាវជ្រាវជាប្រចាំ ដោយបណ្តុះស្មារតីការសិក្សាពេញមួយជីវិត និងសីលធម៌វិជ្ជាជីវៈវិជ្ជាជីវៈរួមមាន ១) លើកកម្ពស់សីលធម៌របស់គ្រូបង្រៀន ២) លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន និង ៣) លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅដ៏ជាក់លាក់នេះ លោកគ្រូ អ្នកគ្រូ ត្រូវមានឆន្ទៈ ការប្តេជ្ញាចិត្តខ្ពស់ សមត្ថភាព ឱកាស និងការចូលរួមគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។ ទន្ទឹមនឹងនេះ ក្នុងនាមជាអ្នកដឹកនាំ ក៏ត្រូវតែមានវិន័យ គោរពពេលវេលា ទន់ភ្លន់តែម៉ឺងម៉ាត់ រៀនស្តាប់ រៀនគិត រៀនកត់ រៀនសួរ រៀនឆ្លើយ រៀននិយាយ រៀនធ្វើឱ្យសង្គមទទួលស្គាល់ ឱ្យតម្លៃ និងត្រូវការ ដូចពាក្យចាស់ពោលថា “គ្រូជាឪពុកម្តាយទីពីរ” ស្រឡាញ់សិស្ស យកចិត្តទុកដាក់ បារម្ភពីសិស្ស និងជួយសិស្សគ្រប់កាលៈទេសៈ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





