មេបញ្ជាការយោធភូមិភាគទី៣ ចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងនាយទាហានជាច្រើនរូប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយយោធិន និងចុះត្រួតពិនិត្យទីតាំង ភូមិសាស្រ្តតាមបណ្តាចំណុច ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម របស់អង្គភាពវរសេនាតូចលេខ ៣៣៣ ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន និងដាក់ចេញនូវបទបញ្ជាការដល់កម្លាំងគ្រប់រូបត្រូវខិតខំហ្វឹកហ្វឺនពង្រឹងសមត្ថភាព កសាងជម្រកស្នាក់នៅ បង្កបង្កើនផល ដើម្បីពង្រឹងប្រៀបការពារជាតិ អនុវត្តអោយបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់លើ ហើយត្រូវប្តេជ្ញាខ្ពស់ការពារបូរណភាពដែនដី ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ក៏បានឱ្យកងកម្លាំងទាំងអស់ត្រូ សហការជាមួយភាគីមិត្តធ្វើឱ្យតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





