សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣នៅ ខេត្តកំពង់ធំ ត្រៀមចុះកិច្ចសន្យាទិញ លក់ជាមួយក្រុមហ៊ុនMIRARTH
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ បានដឹកនាំក្រុមការងារក្រសួងកសិកម្មជជែកជាមួយថ្នាក់ដឹកនាំនៃសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣ នៅខេត្តកំពង់ធំ ដើម្បីពិនិត្យលើលក្ខខណ្ឌចរចារថ្លៃ និងត្រៀមចុះកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីMIRARTH ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ដូចនេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ថា បើមិនមានអ្វីប្រែប្រួលទេ សហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង ៣នេះ គ្រោងនឹងចុះកិច្ចសន្យាលក់គ្រាប់ស្វាយចន្ទីសើមក្នុងបរិមាណ ៤០០ តោន សម្រាប់ជំហានដំបូងនៅសប្តាហ៍ក្រោយ ដោយនឹងមានផ្តល់សេវាសម្ងួតជូនដល់ក្រុមហ៊ុនផងដែរប។

ជាគោលការណ៍ សហគមន៍កសិកម្មទំនើបព្យាយាមកាត់បន្ថយហានិភ័យទីផ្សារជូនដល់សមាជិករបស់ខ្លួន តាមរយៈយន្តការធំៗពីរគឺ ការលក់គ្រាប់ស្វាយចន្ទីតាមតម្លៃកិច្ចសន្យាជាក់លាក់ទុកជាមុន និងការសម្ងួតស្តុកគ្រាប់ស្វាយចន្ទីរង់ចាំលក់ស្ងួតពេលតម្លៃល្អក្រោយការប្រមូលផលទូទៅបញ្ចប់។ ការធ្វើបែបនេះនឹងការពារបងប្អូនកសិករពីការប្រែប្រួលថ្លៃទីផ្សារគ្រាប់ស្វាយចន្ទីភ្លាមៗបានច្រើន៕

ដោយ ណយ នឿន





