ឯកឧត្តម លី កុសល ៖ យុវជនក្រោម១៥ឆ្នាំ ក្នុងព្រឹត្តិការណ៍វាយសី Yonex ត្រូវបង្កើនសមត្ថភាព ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០២៩
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានជំរុញលើកទឹកចិត្តដល់ថ្នាលយុវជនក្រោម១៥ឆ្នាំ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសី Yonex Main Vision ត្រូវសម្រួចសម្រួចការហ្វឹកហាត់ឱ្យបានខ្ពស់ ដើម្បីបង្កើនសមត្ថភាព ត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

នេះជាលើកឡើងរបស់ឯកឧត្តមប្រធានសហព័ន្ធ នៅក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាវាយសី ពានរង្វាន់ Yonex Main Vision ក្រោមអាយុ១៥ឆ្នាំ និងអាយុ១៨ឆ្នាំឡើង លើកទី២ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ឯកឧត្តម លី កុសល មានប្រសាសន៍ថា ការប្រកួតកីឡាវាយសី ពានរង្វាន់ Yonex Main Vision អាចដំណើរការទៅបានដោយសារមានកិច្ចសហការល្អជាលើកទី២រវាងក្រុមហ៊ុន Yonex Main Vision និងសហព័ន្ធកីឡាវាយសីកម្ពុជា ដើម្បីជ្រើសរើសយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុ១៨ឆ្នាំឡើង ជាលើកទី២ ក្នុងគោលបំណងជ្រើសរើសកីឡាករ កីឡាការិនីវ័យក្មេងសម្រាប់ជាថ្នាលបណ្តុះបណ្តាលបន្តវេន និងជំរុញបំផុសចលនាស្មារតីកីឡាឱ្យកាន់តែផុលផុស និងទូលំទូលាយ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ការប្រកួតនេះមានកីឡាករអាយុក្រោម១៥ឆ្នាំចំនួន៨៣នាក់ និងអាយុ១៨ឡើង មាន ១០៨នាក់ សរុបមាន១៩១នាក់ចូលរួម ក្នុងនោះមានជនបរទេសដែលធ្វើការនៅ រាជធានីភ្នំពេញ ១៥នាក់មកពី៥ប្រទេសផងដែរ។ ការប្រកួតនេះពិតជាមានសារៈសំខាន់ណាស់ គឺបានបញ្ជាក់ពីលទ្ធផលវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនី ស្ថិតនៅក្នុងកម្រិត ដែលតម្រូវឱ្យមានការជំរុញហ្វឹកហាត់បន្ថែមទៀត។

ប្រធានសហព័ន្ធបានលើកឡើងថា នាខែកក្កដា ឆ្នាំ២០២៥នេះ សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួត កីឡាវាយសីសាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ នៅប្រទេសអាល្លឺម៉ង់ ក៏ដូចជាការត្រៀមលក្ខណៈចូលរួមប្រកួតកីឡា Sea Games លើកទី៣៣ នៅប្រទេសថៃ ចុងឆ្នាំ២០២៥នេះផងដែរ ជាពិសេសក្មួយៗយុវជនថ្នាលលអាយុក្រោម១៥ឆ្នាំ ត្រូវសម្រួចសម្រួចការហ្វឹកហាត់ខ្ពស់ ដើម្បីបង្កើនសមត្ថភាពត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៩។
ភាពជោគជ័យនៃការរៀបចំនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាអគ្គមគ្គុទេសន៍ដ៏ឆ្នើម បាននាំមកនូវភាពសុខដុមរមនា គ្មានការភ័យបារម្ភ ធានាសិទ្ធិរស់នៅប្រកបដោយក្តីសប្បាយរីករាយ និងក្រោមការដឹកនាំ ប្រកបដោយថាមពល និងភាពវៃឆ្លាតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

បន្ថែមពីលើនេះ ឯកឧត្តមក៏បានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអត្តពលិកទាំងអស់បានបង្ហាញនូវភាពក្លាហាន ឆន្ទៈមុះមុត ការតាំងចិត្ត ការលះបង់ និងស្មារតីកីឡា ដែលបានចូលរួមប្រកួតដោយយុត្តិធម៌ (Fair Play) ប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងអត្តចរិត សីលធម៌ល្អ។ ចំពោះមន្ត្រីបច្ចេកទេស ក៏បានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការវិនិច្ឆ័យគ្រប់វិញ្ញាសាប្រកួត ស្របតាមបទបញ្ញតិ បទបញ្ជាការប្រកួត។ សម្រាប់អត្តពលិកទាំងអស់ ដែលដណ្តើមបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡាវាយសីក្រុមអាយុក្រោម១៥ឆ្នាំ និងអាយុ១៨ឆ្នាំឡើង ប្រកបដោយជោគជ័យ ហើយសូមអំពាវនាវដល់កីឡាការ កីឡាការិនីទាំងអស់បន្តខិតខំអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីទទួលបានជ័យជម្នះកាន់តែធំធេង នាពេលអនាគត។
ក្នុងនាមប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល ក៏បានថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការទាំងអស់ ទាំងមន្ត្រីកីឡាជាតិ និងមន្ត្រីអន្តរជាតិ ដែលយកអស់ស្មារតីទទួលខុសត្រូវខ្ពស់សហការគ្នាបានល្អ ធ្វើឱ្យដំណើរការនៃការប្រកួតតាំងពីរថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់នេះបានប្រព្រឹត្តទៅដោយភាពរលូនតាមកម្មវិធីគ្រោងទុក។ ជាមួយគ្នានេះ ឯកឧត្តមក៏ថ្លែងអំណរគុណជូនចំពោះលោកស្រី Suzan តំណាងឱ្យក្រុមហ៊ុន Yonex និងសហការី ដែលបានលះបង់ពេលវេលាមកចូលរួម ព្រមទាំងផ្តល់ថវិកាសម្រាប់បម្រើឱ្យការ ប្រកួតក្នុងព្រឹត្តិការណ៍កីឡានេះឱ្យទទួលបានជោគជ័យ៕ ដោយ ហេង ណាលីន





