ប្រជាការពារ និងយុវជនដើរតួយ៉ាងសំខាន់នៅក្នុងសហគមន៍ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា
AKP កំពង់ធំ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ប្រជាការពារ និងយុវជនដើរតួយ៉ាងសំខាន់នៅក្នុងសហគមន៍ ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តជូនដល់ប្រជាការពារ និងយុវជននៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូរាជរដ្ឋាភិបាលមន្ត្រីមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ ក្រុមការងារថ្នាក់ស្រុក បងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ ប្រជាការពារ និងយុវជនប្រមាណជាង៤០០នាក់។

លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបង្កើតឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ និងបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ចំពោះការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តបានជាប្រចាំ ពិសេស ការទប់ស្កាត់ និងការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។ នាពេលថ្មីៗនេះផងដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះបង្ក្រាប និងបិទ ទីតាំងល្បែងផ្សងសំណាងខុសច្បាប់ នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រស្រុកបានទាំងស្រុង។

ក្នុងឱកាសនោះ ឯកឧត្តម អេង ទូច បានមានប្រសាសន៍ថា ប្រជាការពារ និងយុវជនដើរតួនាទីយ៉ាងសំខាន់នៅក្នុងសហគមន៍ដែលជួយការពារសុខសុវត្ថិភាពគ្រប់ពេលវេលា រាល់កម្មវិធីផ្សេងៗនេះហើយបញ្ជាក់ឱ្យឃើញការលះបង់ពេលវេលាដ៏មានតម្លៃជួយដល់សង្គមជាតិទាំងមូល។ក្នុងការលើកស្ទួយគុណតម្លៃក្រុមការងារបានចូលរួមឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួនដើម្បីលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តចូលរួមកសាងអភិវឌ្ឍន និងថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ សូមអាជ្ញាធរមានសមត្ថកិច្ចចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីភូមិ ឃុំមានសុវត្ថិភាពដើម្បីកុំឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាល ឯកឧត្តមបាននាំយកនូវសម្ភារ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រីមកចែកជូនដល់កម្លាំងប្រជាការពារយុវជនក្នុងឃុំកំពង់គោរួមមាន៖ ១. ម៉ូតូម៉ាកHonda WAVE ០២គ្រឿង ២. កុំព្យូទ័រ០១គ្រឿង ៣. ម៉ាស៊ីនPrinterសខ្មៅ ០១គ្រឿង ៤.ម៉ាស៊ីនLCD ០១គ្រឿង ៥. ផ្ទាំងស្លាយ០១ ៦. វិទ្យុទាក់ទង៣៨គ្រឿង ៧. សម្លៀកបំពាក់ប្រជាការពារ៨២កំប្លេ ៨. អាវយុវជន៧២អាវ ៩. ឧបត្ថម្ភសមាជិកសមាជិកាចូលរួមក្នុងម្នាក់២០០០០រៀល និង១០.ប្រគេនបច្ច័យកសាងរូបសំណាកព្រះពុទ្ធរូបទំហំ៥គុណ៧ម៉ែត្រចំនួន២ម៉ឺនដុល្លារ៕
ដោយ ស៊ុម វណ្ណា





