ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា ថ្លែងគាំទ្រប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលថា កម្ពុជាមិនបញ្ចូនជនជាតិខ្មែរទៅឱ្យបរទេសកាត់ទោសនោះទេ គឺជាការត្រឹមត្រូវ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥-
ឯកឧត្ដម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្ដិធម៌ នៃរដ្ឋសភា(គណៈកម្មការទី៦) និងជាអតីតរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌បានថ្លែងគាំទ្រប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលថា កម្ពុជាមិនបញ្ចូនជនជាតិខ្មែរទៅឱ្យបរទេសកាត់ទោសនោះទេ គឺជាការត្រឹមត្រូវព្រោះយើង ត្រូវ ឱ្យតម្លៃទៅយន្ដការក្នុងស្រុក ក្នុងការស្វែងរកយុត្ដិធម៌នៅក្នុងស្រុករបស់យើង។ ការលើកឡើងរបស់ឯកឧត្ដមបែបនេះ បន្ទាប់ពីការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបំពាក់ឋានន្តរសក្ដិ ថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ឯកឧត្ដម អង្គ វង្ស វឌ្ឍនា បានពន្យល់ថា សម្ដេចតេជោ ហ៊ុន សែន ការពារប្រជាពលរដ្ឋណាស់ បើមានរឿងអីយើងចាប់បញ្ចូនទៅបរទេសបានន័យថា តម្លៃស្វែងរកយុត្ដិធម៌ក្នុងស្រុកគឺគ្មានទេ ហើយនេះគឺជាសិទ្ធិរបស់ប្រទេសយើងទាំងមូល។ ទន្ទឹមនេះ ឯកឧត្ដមបានមានប្រសាសន៍ថា ច្បាប់របស់ប្រទេសកម្ពុជាក៏បានចែងថា ប្រសិនបើនៅពេលចូលសញ្ជាតិកម្ពុជាជនណាដែលលាក់បាំងនូវប្រវត្តិបទឧក្រិដ្ឋពីមុនរបស់ខ្លួន ឬក្លែងបន្លំឯកសារចូលសញ្ជាតិ សញ្ជាតិរបស់គាត់នឹងត្រូវដកហូតវិញ។ ប្រទេសកម្ពុជាការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋស្របច្បាប់របស់ខ្លួន ហើយនឹងមិនក្លាយជា "ឋានសួគ៌" ដែលផ្តល់ជម្រកដល់ឧក្រិដ្ឋជនឡើយ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចាប់ខ្លួន លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីនបញ្ចូនទៅតុលាការព្រហ្មទណ្ឌអន្ដរជាតិ(ICC) កាលពីពេលថ្មីៗនេះ ហើយមានមតិខ្លះលើកឡើងប្រៀបធៀបរវាងសម្តេចតេជោហ៊ុនសែននិងលោក Rodrigo Duterte។
ត្រង់ចំណុចនេះ ឯកឧត្ដម អង្គ វង្ស វឌ្ឍនា បានគូសបញ្ជាក់ផងដែរថា ចំពោះអ្នកដែលលើកឡើងប្រៀបធៀបសម្ដេចតេជោ ហ៊ុន សែន ដូចលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីននោះ គឺទី១ ពួកគាត់មិនយល់ដឹងច្បាប់ច្បាស់លាស់ ទី២ ពួកគាត់ចេះតែយករឿងទាំងនេះមកប្រៀបធៀបជាមួយសម្ដេចតេជោគឺខុសគ្នាដាច់ស្រឡះ។ ឯកឧត្ដម អង្គ វង្ស វឌ្ឍនា បានបន្ថែមថា គោលការណ៍ច្បាប់របស់តុលាការព្រហ្មទណ្ឌអន្ដរជាតិ(ICC) នេះគឺបានកំណត់តែ៤ចំណុចសំខាន់ដែលអាចចោទប្រកាន់បាន រួមមាន៖ ១. អំពើប្រល័យពូជសាសន៍ ២. ការលុបបំបាត់ជំនឿសាសនា ឬក៏បង្រ្កាបលើជនជាតិភាគតិច ៣. ការបង្កសង្គ្រាម និង ៤. ការចូលឈ្លានពានប្រទេសដទៃ។
ឯកឧត្តមបានអះអាងថា បើពិនិត្យមើលចំណុចទាំងអស់នេះ គឺសម្ដេចតេជោ ហ៊ុន សែន មិនមានអ្វីពាក់ព័ន្ធដូចលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន នោះទេ បើនិយាយឱ្យចំទៅ សម្ដេចតេជោមានតែការពារប្រជាពលរដ្ឋរបស់គាត់ រក្សាការពារសន្ដិភាពបានយូរអង្វែង និងធ្វើឱ្យប្រជាពលរដ្ឋស្រឡាញ់ ចូលចិត្ដគាត់ ដែលតាមរយៈលទ្ធផលនៃការបោះឆ្នោតកន្លងមក ជាង៨០ភាគរយ ប្រជាពលរដ្ឋស្រឡាញ់ និងគាំទ្រសម្ដេចតេជោ។ ឯកឧត្ដម អង្គ វង្ស វឌ្ឍនា បានឱ្យដឹងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានរៀបចំប្រទេសឱ្យមានសុខសន្ដិភាព ជាង៣០ឆ្នាំកន្លងមក ដែលប្រជាពលរដ្ឋបានមើលឃើញ និងទុកចិត្ដលើសម្ដេចតេជោ។ ឯកឧត្ដមក៏បានសង្កាត់ធ្ងន់ថា អ្នកដែលនិយាយប្រៀបធៀប និងលើកឡើងបែបនេះ ប្រហែលជាគាត់មិនយល់ពីច្បាប់ ពីព្រោះវាខុសទៅនឹងគោលការណ៍ និងលក្ខខណ្ឌរបស់ ICC។
ជាមួយគ្នានេះដែរ ឯកឧត្ដម អង្គ វង្ស វឌ្ឍនា បានលើកឡើងបន្ថែមថា៖ «ជាផ្លូវច្បាប់ និងនីតិវិធីរបស់តុលាការ គឺការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រឹមត្រូវបំផុត ក្នុងការការពារប្រជាពលរដ្ឋ និងផ្ដល់តម្លៃតាមយន្ដការក្នុងស្រុក និងការដោះស្រាយប្រព័ន្ធយុត្ដិធម៌ក្នុងស្រុកជាធំ»៕
ដោយ៖ រិទ្ធី





