លោកជំទាវ ជា សិរី អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅឃុំឈូក
AKP កំពង់ធំ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥--
លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អមដំណើរដោយឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២៧១បណ្ណជូនប្រជាពលរដ្ឋ០៤ភូមិ នៅឃុំឈូកស្រុកប្រាសាទសំបូរខេត្តកំពង់ធំចំនួន៦៩៤គ្រួសារ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បានឡើងអានរបាយការណ៍សង្ខេបពីស្ថានភាពរបស់រដ្ឋបាលខេត្ត ព្រមទាំងថ្លែងការកោតសរសើរចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងក្រុមការងារចុះបញ្ជីដីធ្លី ដែលបានសម្រេចលទ្ធផលជាបន្តបន្ទាប់ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងស្ថាប័នរដ្ឋ និងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋស្ថាប័នរដ្ឋដែលបានអនុវត្តតាមនីតិវិធី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ ជា សិរី មានប្រសាសន៍លើកឡើងថា ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្ងៃនេះជាការរួមចំណែក ការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ ពង្រឹងនូវទីផ្សារដីធ្លី ព្រោះបើដីមានប្លង់កម្មសិទ្ធិគឺមានការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសារ ជាពិសេសការចូលរួមចំណែកបង្កើនចំណូល ថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រានិងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ។

លោកជំទាវ ជា សិរី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរក្នុងការវាស់វែង បំពេញទិន្នន័យឱ្យបានគ្រប់ៗគ្នា ចៀសវាងក្រុមការងារវាស់វែងរួចសល់ដីរបស់បងប្អូនដាក់ជាដីគ្មានទិន្នន័យ ពិសេសករណីមានទំនាស់រវាងអ្នកជាប់ព្រំគួររួមគ្នាដោះស្រាយតាមវិធីសាស្ត្រឈ្នះ ឈ្នះទាំងអស់គ្នាដើម្បីយើងរស់នៅក្នុងភូមិឋានប្រកបដោយភាពសុខដុមរម្យនានឹងគ្នានិងបានសំណូមពរដល់មន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តខិតខំធ្វើយ៉ាងណាវាស់វែងឱ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួងក្នុងបំណាច់ឆ្នាំ២០២៥នេះ៕
ដោយ ស៊ុម វណ្ណា





