ទាហានរុស្ស៊ីរាប់រយនាក់ដែលរងរបួសទទួលបានការព្យាបាលនៅប្រទេសកូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- សារព័ត៌មានរុស្ស៊ីមួយបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីអ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានរុស្ស៊ីដែលរងរបួសរាប់រយនាក់បានទទួលការព្យាបាលនៅឯមន្ទីរពេទ្យក្នុងប្រទេសកូរ៉េខាងជើង ចំពេលមានសង្រ្គាមដែលកំពុងបន្តរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានឱ្យដឹងថាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អានដ្រេយ រូដេនកូ (Andrey Rudenko) បានធ្វើការកត់សម្គាល់នេះនៅឯស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ក្នុងពិធីរំលឹកខួបលើកទី៧៦ នៃសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ រវាងសហភាពសូវៀត និងកូរ៉េខាងជើង។
លោក រូដេនកូ ត្រូវបានដកស្រង់សម្តីថា «ការពិតដែលទាហានរុស្ស៊ីរាប់រយនាក់បានឆ្លងកាត់ការស្តារនីតិសម្បទានៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រល្អបំផុតរបស់កូរ៉េខាងជើង......នេះគឺជាឧទាហរណ៍ដ៏រស់រវើកនៃលក្ខណៈជាបងប្អូនក្នុងទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសរបស់យើង»។
យោងតាមរបាយការណ៍បានឱ្យដឹងថា លោក រូដេនកូ ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍នេះ បាននិយាយថា លោកបានជួបពិភាក្សាជាមួយមន្ត្រីកូរ៉េខាងជើងស្តីពី «កិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាអន្តរជាតិ និងតំបន់» ហើយលោកបានថ្លែងអំណរគុណដល់ទីក្រុងព្យុងយ៉ាងសម្រាប់ការគាំទ្ររបស់ខ្លួនចំពោះអ្វីដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅអ៊ុយក្រែន។
ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងចាប់តាំងពីការចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយកាលពីខែមិថុនាឆ្នាំមុន ដោយប្រទេសកូរ៉េខាងជើងបានបញ្ជូនទាហានទៅកាន់ប្រទេសរុស្ស៊ីដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





