កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ធ្វើសមយុទ្ធត្រីភាគីពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងសហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ USS Carl Vinson ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ និងទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់ប្រទេសកូរ៉េខាងជើង។
ក្រសួងបាននិយាយថា សមយុទ្ធកងទ័ពជើងទឹកត្រីភាគី គឺជាសមយុទ្ធលើកដំបូងដែលបានធ្វើឡើងនៅឆ្នាំនេះ ហើយចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រឡប់ចូលកាន់តំណែងក្នុងខែមករា បានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិភាគខាងត្បូងនៃកោះចេជូ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍។
ក្រៅពីនាវា USS Carl Vinson សមយុទ្ធចុងក្រោយនេះ មាននាវាចម្បាំងចំនួន ៦គ្រឿងទៀតមកពីប្រទេសទាំងបី រួមទាំងនាវាពិឃាតROKS Sejong the Great របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង និងនាវាពិឃាត JS Ikazuchi របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន។
ក្រសួងបាននិយាយនៅក្នុងការចេញផ្សាយថា «សមយុទ្ធនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីសម្រាប់ប្រទេសកូរ៉េខាងត្បូងសហរដ្ឋអាមេរិក និងជប៉ុនក្នុងការរារាំង និងឆ្លើយតបប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ មីស៊ីល និងការគំរាមកំហែងក្រោមទឹករបស់ប្រទេសកូរ៉េខាងជើង និងពង្រឹងសមត្ថភាពសន្តិសុខដែនសមុទ្ររបស់ពួកគេ»។
សមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធជាទៀងទាត់ដែលធ្វើឡើងក្រោមផែនការហ្វឹកហ្វឺនរយៈពេលជាច្រើនឆ្នាំរួមគ្នាដែលបង្កើតឡើងដោយប្រទេសទាំងបី។
ប្រទេសទាំងបីនាពេលថ្មីៗនេះបានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខតាមរយៈសមយុទ្ធរួមគ្នាក្នុងការប្រឈមមុខនឹងការវិវត្តនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





