ប៉ូលិសបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀននៅអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យប៉ូលិសខេត្តហេលមែន លោក មុលឡាហ៍ អេហ្សាទុលឡាហ៍ ហាកកានី (Mullah Ezatullah Haqqani) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលីសបានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀនមួយនៅក្នុងខេត្តហេលមែន ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីបាននិយាយថា ដោយទទួលបានព័ត៌មាន ប៉ូលីសបានឆ្មក់ចូលកន្លែងមួយក្នុងតំបន់ ណាវមីស កាលពីថ្ងៃពុធ ដោយបានកម្ទេចមន្ទីរពិសោធន៍គ្រឿងញៀន និងរឹបអូសសម្ភារប្រើប្រាស់ក្នុងការផលិតសារធាតុហេរ៉ូអ៊ីន។
មន្ត្រីដដែលបានបន្ថែមថា ថ្នាំញៀន និងវត្ថុតាងទាំងអស់ដែលរកឃើញពីកន្លែងនោះត្រូវបានដុតបំផ្លាញនៅនឹងកន្លែង។ ប៉ូលីសក៏បានដុតបំផ្លាញគ្រឿងញៀនខុសច្បាប់ចំនួន ៧,៥តោននៅក្នុងខេត្តកាលពីថ្ងៃចន្ទផងដែរ។
រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងចំពោះគ្រឿងញៀនរហូតដល់ប្រទេសនេះក្លាយជាប្រទេសគ្មានគ្រឿងញៀន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





