ឧបនាយករដ្ឋមន្ត្រីគុយបាអំពាវនាវនៅក្នុងប្រទេសឥណ្ឌាសម្រាប់កិច្ចសហប្រតិបត្តិការជីវបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីគុយបាលោក អេនរីក ម៉ាទីណេស (Enrique Martinez) បានជំរុញឱ្យប្រទេសឥណ្ឌា តំបន់អាមេរិកឡាទីន និងតំបន់ការាបៀន ពង្រឹងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ក្នុងវិស័យជីវបច្ចេកវិទ្យា និងការថែទាំសុខភាព។
ថ្លែងនៅក្នុងសម័យប្រជុំមួយស្តីពី ភាពជាដៃគូផ្នែកថែទាំសុខភាពលោក ម៉ាទីណេស បានលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឥណ្ឌានិងការរីកចម្រើនរបស់ប្រទេសគុយបា ដោយស្នើឡើងនូវគម្រោងសហការសម្រាប់ការផលិតឱសថទូទៅ និងផលិតផលជីវបច្ចេកវិទ្យា។
លោកក៏បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីត្រៀមទប់ទល់នឹងវិបត្តិសុខភាពនាពេលខាងមុខ ដូចជាជំងឺរាតត្បាតកូវីដ-១៩ជាដើមផងដែរ។ លោក ម៉ាទីណេស បានលើកឡើងពីភាពជោគជ័យរបស់ប្រទេសគុយបាជាមួយនឹងការប្រើប្រាស់ឱសថ Heberprot-P សម្រាប់ការព្យាបាលជើងជំងឺទឹកនោមផ្អែមដែលមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយហានិភ័យនៃការកាត់អវៈយវៈណាមួយបានជាង ៨០% ដែលប៉ះពាល់ដល់ប្រទេសជាង៣០ ព្រមទាំងវ៉ាក់សាំងជំងឺកូវីដ-១៩ របស់ខ្លួនដែលបានជួយសង្គ្រោះជីវិតមនុស្សនៅក្នុងប្រទេសគុយបា និងទូទាំងពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





