វេទិកាយុវជនរុស្ស៊ី-អាស៊ីនៅទីក្រុងម៉ូស្គូ បង្ហាញនូវនវានុវត្តន៍នុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- ទូរទស្សន៍ប្រ៊ីកស៍ (BRICS)បានរាយការណ៍ថា សាកលវិទ្យាល័យមិត្តភាពប្រជាជនរុស្ស៊ី (សាកលវិទ្យាល័យ RUDN) នៅទីក្រុងម៉ូស្គូ បានរៀបចំវេទិកាយុវជនអន្តរជាតិ «រុស្ស៊ី - អាស៊ី៖ សក្តានុពលធនធានមនុស្សនៃឧស្សាហកម្មនុយក្លេអ៊ែររបស់តំបន់» ដែល្រុមនិស្សិត និងក្រុមអ្នកជំនាញមកពីប្រទេសជាច្រើនបានបង្ហាញពីភាពជឿនលឿននៃបច្ចេកវិទ្យានុយក្លេអ៊ែរ។
ព្រឹត្តិការណ៍នេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងប្រជាជាតិនៅអាស៊ីក្នុងវិស័យនុយក្លេអ៊ែរ ដោយបង្ហាញពីតួនាទីរបស់ខ្លួនក្នុងវិស័យថាមពល ឱសថ និងនិរន្តរភាពបរិស្ថាន។
ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មមកពីប្រទេសរុស្ស៊ី វៀតណាមមីយ៉ាន់ម៉ា បង់ក្លាដែស និងប្រទេសផ្សេងៗទៀត បានចូលរួមក្នុងសម័យប្រជុំពេញអង្គ។ នៅក្នុងការថ្លែងនៅក្នុងវីដេអូមួយ លោក កុនស្តេនទីន កូសាឆេវ (Konstantin Kosachev) អនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានកត់សម្គាល់ថា រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីប្រហែល៦០ កំពុងត្រូវបានសាងសង់នៅទូទាំងពិភពលោក ដែលភាគច្រើនមានទីតាំងនៅអាស៊ី។ លោកបានសង្កត់ធ្ងន់ទៅលើសមិទ្ធិផលរបស់រុស្ស៊ីនៅក្នុងវិស័យនេះ ដោយបញ្ជាក់ថាឧស្សាហកម្មនុយក្លេអ៊ែររបស់ប្រទេស គឺស្ថិតក្នុងចំណោមវិស័យទំនើបបំផុតនិងពឹងផ្អែកលើចំណេះដឹង។
លោក កូសាឆេវ បាននិយាយថា «ឧស្សាហកម្មនុយក្លេអ៊ែរក្នុងស្រុកគឺជាឧស្សាហកម្មទំនើបបំផុត និងពឹងផ្អែកលើចំណេះដឹង។ ចំណែកនៃការបង្កើតនុយក្លេអ៊ែរក្នុងផលិតកម្មអគ្គិសនីសរុប គឺប្រហែល ២០%។ ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីមានគោលដៅមហិច្ឆតាកាន់តែច្រើននៅពេលខាងមុខ គឺនៅត្រឹមឆ្នាំ២០៤៥ តួលេខនេះត្រូវបានគេរំពឹងថានឹងឈានដល់២៥%៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





