លោក ពូទីន អំពាវនាវឱ្យក្រុមហ៊ុនធុរកិច្ចរុស្ស៊ីចូលរួមក្នុងគម្រោងនានារបស់ប្រ៊ីកស៍
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- ទូរទស្សន៍ប្រ៊ីកស៍ (BRICS)បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានអំពាវនាវឱ្យក្រុមហ៊ុនធុរកិច្ចរុស្ស៊ីចូលរួមយ៉ាងសកម្មក្នុងគម្រោងនានាក្នុងក្របខ័ណ្ឌប្រ៊ីកស៍ (BRICS) ដោយសង្កត់ធ្ងន់ទៅលើសក្តានុពលសេដ្ឋកិច្ចនៃសម្ព័ន្ធភាព។
ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសមាជសហភាពឧស្សាហូបនីយកម្ម និងសហគ្រិនរុស្ស៊ី (RSPP) លោក ពូទីន បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងជាមួយក្រុមប្រទេសប្រ៊ីកស៍ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង។ សុន្ទរកថារបស់លោកត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី។
លោក ពូទីន បានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ក្រុមប្រទេសប្រ៊ីកស៍ បានកើនឡើង ៤,៩% ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមទូរទស្សន៍ប្រ៊ីកស៍។
លោកបានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ផ្សេងៗគ្នានៅទូទាំងពិភពលោកត្រូវបានគេរំពឹងថានឹងនៅតែមានស្ថិរភាពសម្រាប់ទសវត្សរ៍ខាងមុខ ដោយលោកបានបង្ហាញថា ក្រុមប្រទេសប្រ៊ីកស៍នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សន្ទុះសេដ្ឋកិច្ចពិភពលោក។ លោកបានសង្កត់ធ្ងន់ថា ការបន្តអភិវឌ្ឍន៍ក្នុងសមាគមនឹងរួមចំណែកដល់និន្នាការវិជ្ជមាននេះ និងពង្រឹងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ទូរទស្សន៍ប្រ៊ីកស៍បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីបានជំរុញបន្ថែមទៀតឱ្យក្រុមហ៊ុនធុរកិច្ចក្នុងស្រុកក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញពីឱកាសនៅក្នុងក្រុមប្រទេសប្រ៊ីកស៍ រួមទាំងភាពជាដៃគូជាមួយបណ្តាប្រទេសជាសមាជិកដែលមានស្រាប់ និងនាពេលអនាគត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





