កូរ៉េខាងត្បូងទប់ទល់នឹងផលប៉ះពាល់ពន្ធរបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- ក្រុមអ្នកជំនាញបាននិយាយថាសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) រៀបចំដាក់បង្កើនពន្ធឱ្យខ្ពស់ ដោយមានការយកពន្ធដ៏មានសក្ដានុពលទៅលើផលិតផលរថយន្ត និងគ្រឿងអេឡិចត្រូនិក ដែលជាក្តីកង្វល់ដ៏សំខាន់សម្រាប់ទីក្រុងសេអ៊ូល។
លោក គីម ហឹងចុង (Kim Heungchong) អតីតប្រធានវិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ បាននិយាយថា ការដាក់ពន្ធទៅលើឧបករណ៍ពាក់កណ្តាលអគ្គីសនី នឹងក្លាយជាទង្វើនៃការបំផ្លាញខ្លួនឯងសម្រាប់សហរដ្ឋអាមេរិក ដោយសារតែកូរ៉េខាងត្បូងមានទីផ្សារនាំចេញជំនួស ហើយសហរដ្ឋអាមេរិកពឹងផ្អែកទៅលើការនាំចូលពីកូរ៉េខាងត្បូង។
លោក ត្រាំ បានដាក់ពន្ធថ្មីទៅលើផលិតផលដែក និងអាលុយមីញ៉ូមដែលនាំចូលទាំងអស់នៅក្នុងខែនេះ។ លោកបាននិយាយថា នៅខែក្រោយលោកនឹងប្រកាសពន្ធទៅវិញទៅមកដែលនឹងត្រូវដាក់លើការនាំចូលទាំងអស់ និងពន្ធបន្ថែមលើរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ ដែលជាទំនិញនាំចេញសំខាន់ៗសម្រាប់កូរ៉េខាងត្បូង។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១១ ខែមីនា ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក ឆយ សាងម៉ុក (Choi Sang-mok) បាននិយាយថា ពេលនេះសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្លាក់ទៅជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី៤ របស់ទ្វីបអាស៊ីហើយ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍កាលពីថ្ងៃពុធថាប្រទេសនេះកំពុងរៀបចំបញ្ជីមុខទំនិញដែលអាចនាំចូលពីសហរដ្ឋអាមេរិកសម្រាប់ការចរចារពន្ធ។
លោក គីម ហឹងចុង បាននិយាយថា បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូង-សហរដ្ឋអាមេរិកអាចកំណត់ពន្ធថ្មីក៏ដោយ ក៏ពន្ធខ្ពស់ទៅលើទំនិញនាំចេញសំខាន់ៗរបស់កូរ៉េខាងត្បូង ដូចជារថយន្តជាដើមនោះ នឹងជះឥទ្ធិពលដោយជៀសមិនរួច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





