កូរ៉េខាងជើងថ្កោលទោសជប៉ុនចំពោះការពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅលើកោះគ្យូស៊ុ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានថ្កោលទោសប្រទេសជប៉ុនចំពោះការពិចារណាដាក់ពង្រាយគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយនៅលើកោះគ្យូស៊ុ (Kyushu) នៅភាគនិរតីរបស់ខ្លួន ដោយបានព្រមានថា វិធានការនេះនឹងធ្វើឱ្យខ្លួនប្រឈមមុខនឹងការវាយប្រហារដោយប្រទេសជិតខាងជា ក្នុងនាមជាគោលដៅរួម។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅពេលមុននេះថា ប្រទេសជប៉ុនកំពុងពិចារណាចំពោះការដាក់ពង្រាយគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយនៅលើកោះគ្យូស៊ុ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធានាបាននូវសមត្ថភាពប្រឆាំងការវាយប្រហារ។ ការដាក់ពង្រាយគ្រាប់មីស៊ីលបែបនេះមានសមត្ថភាពវាយប្រហារកូរ៉េខាងជើង និងតំបន់ឆ្នេររបស់ប្រទេសចិនដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៦។
សារព័ត៌មានមជ្ឈឹមកូរ៉េ (KCNA) បាននិយាយថា «សកម្មភាពក្លាហាន» របស់ប្រទេសជប៉ុននេះ គឺជាការញុះញង់ដ៏គ្រោះថ្នាក់ដែលនឹងនាំមកនូវការកើនឡើងនៃភាពតានតឹងឥតឈប់ឈរ ដោយសារការសាបព្រួសភ្លើងនៃជម្លោះយោធាថ្មីនៅតំបន់អាស៊ីឦសាន។
កូរ៉េខាងជើងបានអះអាងថា ទង្វើនេះបានបង្ហាញថា ប្រទេសជប៉ុនបាននិងកំពុងស្វែងរកមហិច្ឆតានិយមនៃយោធានិយមរបស់ខ្លួន ខណៈដែលកំពុងធ្វើការក្លែងបន្លំថាខ្លួនជាប្រទេសសន្តិភាពនិយមចំពោះសហគមន៍អន្តរជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





