កូរ៉េខាងត្បូងចង់ប្រើប្រាស់ឥទ្ធិពលរបស់ APEC ដើម្បីជំរុញទេសចរណ៍ក្នុង
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងប្រើប្រាស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងយឹងជូ ខេត្តយឹងសាងខាងត្បូង ជាឱកាសមួយក្នុងការជំរុញទេសចរណ៍ក្នុងតំបន់ និងបង្ហាញប្រទេសរបស់ខ្លួនដែលជាម្ចាស់ផ្ទះទៅដល់ភ្ញៀវបរទេស។
ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក ឆយ សាងម៉ុក (Choi Sang-mok) បានធ្វើការពិនិត្យនៅនឹងកន្លែងសម្រាប់រៀបចំកិច្ចប្រជុំ APEC និងដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីពិភាក្សាអំពីមធ្យោបាយរក្សាស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនក្នុងវិស័យទេសចរណ៍នៅទីក្រុងម្ចាស់ផ្ទះ។
នៅក្នុងជំនួបនោះ លោក ឆយ បានកត់សម្គាល់ថា ការប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងការទាក់ទាញភ្ញៀវទេសចរកំពុងមានការកើនឡើងកាន់តែខ្លាំង ហើយការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង គឺផ្តោតយ៉ាងសំខាន់នៅក្នុងតំបន់មួយចំនួន រួមទាំងទីក្រុងសេអ៊ូល និងទីក្រុងធំៗមួយចំនួនទៀតផងដែរ។
លោកបាននិយាយថា រដ្ឋាភិបាលនឹងប្រឹងប្រែងធ្វើពិពិធកម្មផលិតផលក្នុងទីផ្សារទេសចរណ៍ដើម្បីជំរុញកំណើនឧស្សាហកម្ម។
ជាពិសេស រដ្ឋាភិបាលនឹងដាក់ចេញនូវការលើកលែងទិដ្ឋាការបណ្តោះអាសន្នសម្រាប់ក្រុមទេសចរណ៍ចិននៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះនិងប្រកាសអំពីផែនការពាក់ព័ន្ធនានានៅក្នុងខែមេសាខាងមុខនេះ។
យោងតាមការវិភាគរបស់ធនាគារកណ្តាលកូរ៉េ បានឱ្យដឹងថា ការកើនឡើងនៃភ្ញៀវទេសចរចិនឱ្យបានដល់ចំនួន ១លាននាក់ត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការកើនឡើង ០,០៨% ដល់ផលិតផលក្នុងស្រុកសរុប(GDP) របស់កូរ៉េខាងត្បូង។
លើសពីនេះទៀត អាជ្ញាធរទេសចរណ៍នឹងខិតខំអភិវឌ្ឍន៍ផលិតផលកាត់ដេរ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលមានសក្តានុពលមកពីតំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា ក្នុងគោលបំណងធ្វើពិពិធកម្មចំនួនភ្ញៀវទេសចរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





