ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជួបសំណេះសំណាលមន្ត្រីនគរបាលជាតិខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ កម្លាំងនគរបាលជាតិ គឺជាកម្លាំងស្នូលក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ដូច្នេះ ត្រូវបន្តពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ២៤ម៉ោងលើ២៤ ដើម្បីទទួលពាក្យបណ្តឹង និងបម្រើសេវាជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលខេត្ត ត្រូវមានមន្រ្តីប្រចាំបញ្ជា ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹង ក៏ដូចជាសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ត្រូវបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានល្អប្រសើរ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានក្នុងមូលដ្ឋាន។

ក្នុងរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងនគរបាលខេត្ត បានខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ លោកឧត្តមសេនីយ៍ទោ បានប្តេជ្ញាបន្តខិតខំប្រឹងប្រែងអនុវត្តភារកិច្ចឱ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុងការចូលរួមចំណែករក្សាសុខសន្តិភាព និង ស្ថិរភាពសង្គម៕

ដោយ ឈុន សារ៉ាត





