ឯកឧត្តម គួច ចំរើន ចូលរួមពិធីបិទមហាសន្និបាតអាណត្តិទី៤របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញបិទមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បន្ទាប់ពីបានដំណើរការអស់រយៈពេលពេញមួយថ្ងៃ។

មានប្រសាសន៍ក្នុងពិធីបិទមហាសន្និបាតនេះ ឯកឧត្តម គួច ចំរើន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក លោកស្រី ដែលជាប្រធានក្រុមការងារ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន សម្រេចបានលទ្ធផលគួរជាទីមោទនៈ។ នៅក្នុងដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រាជរដ្ឋាភិបាលបានស្វាគមន៍គំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ។ រាជរដ្ឋាភិបាលបានចាត់ទុកសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូយ៉ាងសំខាន់ ក្នុងការជំរុញដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តអភិបាលកិច្ចមូលដ្ឋាន។

មហាសន្និបាតសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅខេត្តកណ្តាល អាណត្តិទី៤នេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ជាពិសេស ដើម្បីឱ្យសមាគមដំណើរការប្រកបដោយជោគជ័យ និងមាននិរន្តរភាព ទៅលើផែនការយុទ្ធសាស្ត្រ និងគោលនយោបាយដឹកនាំ គ្រប់គ្រងរបស់សមាគម ថ្នាក់ដឹកនាំសមាគម គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគម ត្រូវយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ច ឱ្យស្របទៅនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម និងមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ពីក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត ពិសេសការគាំទ្រពីដៃគូអភិវឌ្ឍនានា។ ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល អាណត្តិទី៤នេះ នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួនដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់សមាជិក។

ឯកឧត្តមបានបន្ថែមថា មហាសន្និបាតនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក លោកស្រីដែលជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបន្តបេសកកម្មប្រកបដោយចីរភាព និងការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ លើកកម្ពស់ គុណភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា រដ្ឋបាលខេត្តទទួលស្គាល់តួនាទីដ៏សំខាន់របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល ពិតជាបានរួមចំណែកនៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ ក្នុងនោះ រដ្ឋបាលខេត្តបានផ្តល់ការិយាល័យធ្វើការដល់សមាគមនៅក្នុងសាលាខេត្ត ដើម្បីឱ្យសមាគមអនុវត្តលក្ខន្តិកៈរបស់ខ្លួនទទួលបានជោគជ័យ ស្របតាមគោលបំណងនឹងទិសដៅរបស់ខ្លួន។ រដ្ឋបាលខេត្តកណ្តាល នឹងបន្តជួយគាំទ្រទាំងស្មារតី និងសម្ភារ និងសហការជាមួយសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល នៅក្នុងការអភិវឌ្ឍសមត្ថភាពដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។
លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកណ្តាល បានថ្លែងថា ឆ្លងតាមលទ្ធផលនៃមហាសន្និបាតរយៈពេលជាងមួយថ្ងៃនេះ បានអនុម័ត និងបានជ្រើសរើសរូបលោកឱ្យធ្វើជាប្រធានក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាលបន្តទៀត ដើម្បីជាសក្ខីភាពឆ្លើយតបចំពោះអង្គមហាសន្និបាត លោកបានប្ដេជ្ញាលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាព និងសហការឱ្យបានស្អិតល្មួត ជាមួយក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ គណៈអភិបាលក្រុង ស្រុក និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ សំដៅរក្សាឱ្យបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សារធារណៈ ការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយនិរន្តរភាព៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





