រដ្ឋបាលរាជធានីភ្នំពេញរៀបចំសង្រ្កាន្ដនៅវត្ដភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឆ្នាំម្សាញ់ ឆ្នាំ២០២៥នេះ ឱ្យបានល្អបំផុត ដោយសារថា «សង្ក្រាន្ដ»នេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបី។

ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានណែនាំបែបនេះនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខណៈឯកឧត្ដមបានអញ្ជើញជាអធិបតីតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍ថា ថ្មីៗនេះមានបណ្តាញសង្គមមួយនោះបានចុះផ្សាយព័ត៌មានខុសពីការពិត ដោយថា «ភ្នំពេញដូនពេញក្លាយជាទីកន្លែងសក្ការៈរបស់យួនហើយ»។ ការបង្ហោះនូវព័ត៌មានក្លែងក្លាយខុសពីការពិតនេះ ពួកគេធ្វើឡើងដើម្បីបំផ្លាញជាតិរបស់យើង។ ពួកអគតិតែងតែប្រឆាំងនៅពេលដែលពួកគេបានដឹងថា រាជរដ្ឋាភិបាលបង្កើតបាននៅសមិទ្ធផលធំៗជូនជាតិ។ ជាក់ស្តែងពេលនេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំ «សង្ក្រាន្ដ»នេះដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបី ទើបពួកគេបង្កើតឱ្យមានជាព័ត៌មានក្លែងក្លាយខុសពីការពិតនេះឡើង។ ដូចច្នេះទេ សូមឱ្យទាំងអស់គ្នារៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះឱ្យបានល្អបំផុត។

“សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ហើយក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ”នេះ បានលើកឡើងពីការរៀបចំជាកន្លែងទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញឧបករណ៍តន្ត្រីបុរាណជាដើម។

បន្ថែមពីនេះ កិច្ចប្រជុំនេះក៏បានលើកឡើងពីការគិតគូរលើការជួសជុលសួនកុមារ ជួសជុលនាឡិកាជួសជុលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តុបតែងភ្លើងបន្ថែមទាំងនៅខាងក្នុងនិងខាងក្រៅរមណីយដ្ឋានវត្តភ្នំ និងតំបន់ជុំវិញវត្តភ្នំ។ “សង្ក្រាន្តវត្តភ្នំ” ក៏នឹងត្រូវភ្ជាប់ជាមួយផ្លូវថ្មើរជើង (Walk Street) ភ្នំពេញផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្ត៣ថ្ងៃទៀតនៃថ្ងៃចូលឆ្នាំរហូតបញ្ចប់បុណ្យចូលឆ្នាំថ្មី៕
ដោយ សួស សំរិត





