ឯកឧត្តម ស ថេត ជំរុញកងកម្លាំងនគរបាលការពារព្រំដែនត្រៀមខ្លួនការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥ ស្ថិតនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនជាតិមាតុភូមិ។

ឯកឧត្តម ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលការពារព្រំដែន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាឱកាសដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងការជួបជុំគ្រួសារ និងមិត្តភក្តិ។ ដូច្នេះ កងកម្លាំងនគរបាលទាំងអស់ត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ។

ឯកឧត្តម ស ថេត បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួន កងកម្លាំងនគរបាលត្រូវបង្កើនការល្បាត និងត្រួតពិនិត្យនៅតាមគោលដៅសំខាន់ៗ ជាពិសេសនៅតាមព្រំដែន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។ កងកម្លាំងនគរបាលត្រូវត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបនឹងគ្រោះអាសន្នផ្សេងៗ ដែលអាចកើតមានឡើង។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះត្រូវរាជរដ្ឋាភិបាលគ្រប់គ្រង បាន និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធ។ ឯកឧត្តម ស ថេត ក៏បានផ្ដល់នូវការលើកទឹកចិត្ត និងជូនពរកងកម្លាំងនគរបាលទាំងអស់ សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច។
ក្នុងឱកាសជួបសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភដល់កងកម្លាំងចំនួន១,៤៥៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ឧបត្ថម្ភដល់គណៈបញ្ជាការភូមិភាគ៥ ថវិកាចំនួន៤លានរៀល ឧបត្ថម្ភដល់វរសេនាតូចទាំង១០ ក្នុងមួយវរសេនាថវិកាចំនួន៤លានរៀល ឧបត្ថម្ភដល់នគរបាលកាពារបេតិកភណ្ឌប្រាសាទបន្ទាយឆ្មារ ថវិកាចំនួន១លានរៀល ឧបត្ថម្ភជូនដល់អង្គភាពយោធាចំនួន៦ ក្នុងមួយអង្គភាពថវិកាចំនួន៣លានរៀល ក្នុងនោះ ក៏មានសម្ភារស្បៀង និងភេសជ្ជៈ រួមមានអង្ករចំនួន២៣០០គីឡូក្រាម មីចំនួន២៣កេសធំ ត្រីខ២៣កេសធំ និងទឹកក្រូច៥៧៥កេស៕
ដោយ ឈុន សារ៉ាត





