ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញធ្វើទស្សនកិច្ចទៅកាន់រមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ
AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ និងក្រុមការងារមន្ទីរ និងរមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា នៅរមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដែលស្ថិតនៅភូមិមហាលំពាំងទី២ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដើម្បីឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅ ការងារពាក់ព័ន្ធនឹងវិស័យទាំងបួន ដែលគណៈកម្មការទទួលខុសត្រូវ។
ក្នុងឱកាសនោះ ឯកឧត្តមបានចូលទស្សនាសួនសត្វ ជិះឡូរីលេងកម្សាន្ត និងឈ្វេងយល់ពីវឌ្ឍនភាព នៃរមណីយដ្ឋាន កសិ-ទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ។

គួររម្លឹកថា រមណីយដ្ឋានកសិ-ទេសចរណ៍ម៉ុងឫទ្ធី សែនជ័យ មានទេសភាពធម្មជាតិស្រស់ស្អាត មានចម្ងាយ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ បើយើងធ្វើដំណើរដោយរថយន្តប្រើរយៈពេលត្រឹម១ម៉ោងប៉ុណ្ណោះ នឹងមកដល់រមណីយដ្ឋានកសិ-ទេសចរណ៍ដ៍ស្រស់ស្អាតនេះហើយ។ រមណីយដ្ឋានកសិ-ទេសចរណ៍នេះមានទីតាំងស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបង្អួតសម្រស់យ៉ាងស្រស់ស្អាតគ្មានពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជា រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តជាតិធ្វើដំណើរទៅទស្សនាកម្សាន្ត គយគន់មើលផ្ទាំងទស្សនីយភាពធម្មជាតិដ៍ស្រស់បំព្រងនៅទីនោះ។ ក្រៅពីគយគន់មើលទេសភាពនៅក្នុងរមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុងឫទ្ធី សែនជ័យនេះ ក៏មានសួនសត្វ ការជិះឡូរី ទីលានប្រណាំងរថយន្ត និងប្រណាំម៉ូតូផងដែរ៕


ដោយ លឹម សាន្ត





