សហរដ្ឋអាមេរិករំពឹងថាអ៊ុយក្រែននឹងគាំទ្រកិច្ចព្រមព្រៀងរុស្ស៊ី-សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- ទីក្រុងវ៉ាស៊ីនតោនរំពឹងថា រដ្ឋាភិបាលទីក្រុងគៀវនឹងគាំទ្រចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទចុងក្រោយបំផុតរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ នេះបើយោងតាមបេសកជនពិសេសរបស់ប្រធានាធិបតីអាម៉េរិក លោក ស្ទីវ វីតកូហ្វ (Steven Witkoff) បានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយ។
លោកបាននិយាយថា «ខ្ញុំមានកិច្ចប្រជុំពីរជាមួយកលោកប្រធានាធិបតី ពូទីន។ កិច្ចប្រជុំទីមួយ គឺមានរយៈពេលប្រមាណជិត ៣ម៉ោងកន្លះ ហើយកិច្ចប្រជុំទីពីរមានរយៈពេលជិត ៤ម៉ោង។ កិច្ចប្រជុំទាំងពីរនោះ គឺមានភាពគួរឱ្យទាក់ទាញ។ ខ្ញុំគិតថា យើងសម្រេចបានខ្លះ ហើយនៅក្នុងកិច្ចប្រជុំទីពីរ យើងពិតជាបានបង្រួមបញ្ហាពិតប្រាកដពីទស្សនៈរបស់រុស្ស៊ី យើងបានពិភាក្សាភ្លាមៗអំពីវិធីច្បាស់លាស់ដើម្បីឆ្ពោះទៅរកបទឈប់បាញ់គ្នាចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលពីភាគីទាំងសងខាង ដែលជាអ្វីដែលពួកគេបានព្យាយាមដាក់បញ្ចូលគ្នាអស់មួយរយៈមកហើយ»។
មន្រ្តីអាម៉េរិកបាននិយាយថា «ហើយទីពីរ ជាអ្វីដែលមនុស្សទូទៅសំដៅទៅលើសមុទ្រខ្មៅ ដែលជាទិដ្ឋភាពដែនសមុទ្រនៃបទឈប់បាញ់គ្នា។ ខ្ញុំគិតថា ទាំងពីរនេះត្រូវបានព្រមព្រៀងដោយរុស្ស៊ី។ ខ្ញុំពិតជាសង្ឃឹមថា អ៊ុយក្រែននឹងយល់ព្រមដែរ»។
លោកបាននិយាយថា «យើងនឹងឈានទៅរកបទឈប់បាញ់គ្នាពេញលេញ ហើយយើងមានការសន្ទនាដ៏ល្អមួយនៅថ្ងៃនេះអំពីធាតុផ្សំដើម្បីសម្រេចបាននូវលទ្ធផលនោះ។ ដូច្នេះសរុបទាំងអស់ ពិតជាមានលទ្ធផលវិជ្ជមាន»។ លោកមិនបានផ្តល់ព័ត៌មានលម្អិតណាមួយនៃកិច្ចពិភាក្សានាពេលខាងមុខទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





