មនុស្សរហូតដល់ ១០០.០០០នាក់នៅតែបន្តធ្វើការងារនៅមជ្ឈមណ្ឌលបោកប្រាស់នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- មជ្ឈមណ្ឌលបោកប្រាស់នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ានៅតែដំណើរការដោយមានមនុស្សរហូតដល់ទៅ ១០០.០០០នាក់កំពុងបន្តធ្វើការងារនៅទីនោះ។ នេះបើយោងតាមការរាយការណ៍របស់អគ្គស្នងការនគរបាលកំពូលដែលដឹកនាំប្រតិបត្តិការរបស់ប្រទេសថៃប្រឆាំងនឹងសមាសធាតុក្លែងបន្លំ។
លោកឧត្តមសេនីយ៍ ថាតឆៃ ពីតានីឡាប៊ុត (Thatchai Pitaneelaboot) អគ្គអធិការនគរបាលភូមិន្ទថៃបាននិយាយថា ផ្អែកទៅលើការវាយតម្លៃដំបូងរបស់មនុស្សចំនួន ៥.០០០នាក់ដែលត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលបោកប្រាស់នៅក្នុងតំបន់មីយ៉ាវ៉ាដឌី បានឱ្យដឹងថា មានមនុស្សរាប់រយនាក់បានទៅធ្វើការងារនៅទីនោះដោយស្ម័គ្រចិត្ត។
លោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ក្នុងចំណោមជនជាតិនៃប្រទេសជាច្រើនដើម្បីកម្ចាត់ឧក្រិដ្ឋជន។ លោកឧត្តមសេនីយ៍ ថាតឆៃ បាននិយាយថា មនុស្សជាច្រើនបានប្រើប្រាស់ប្រទេសថៃជាផ្លូវមួយដើម្បីលួចចូលទៅក្នុងតំបន់មីយ៉ាវ៉ាដឌី ដើម្បីស្វែងរកការងារ ហើយនេះមិនមែនគ្រាន់តែជាក្រុមជនខិលខូចបោកប្រាស់តាមទូរសព្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការងារល្បែងតាមអនឡាញ និងការងារផ្សេងៗទៀតផងដែរ។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ប្រទេសថៃកំពុងប្រឈមមុខនឹងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីកម្ចាត់មជ្ឈមណ្ឌលបោកប្រាស់នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ដែលជាផ្នែកមួយនៃបណ្តាញអាស៊ីអាគ្នេយ៍នៃកន្លែងខុសច្បាប់ដែលរកប្រាក់បានរាប់ពាន់លានដុល្លារអាម៉េរិកជារៀងរាល់ឆ្នាំ ដែលជារឿយៗបានប្រើប្រាស់មនុស្សដែលត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន។
ចាប់តាំងពីខែកុម្ភៈមក មនុស្សជាង ៥.២០០នាក់ត្រូវបានសង្រ្គោះចេញពីកន្លែងបោកប្រាស់នៅក្នុង និងជុំវិញតំបន់មីយ៉ាវ៉ាដឌី។ នេះបើយោងតាមនគរបាលភូមិន្ទថៃដែលដកស្រង់សម្តីអាជ្ញាធរមីយ៉ាន់ម៉ា។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា មនុស្សជាង ៣.៥០០នាក់ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញតាមរយៈប្រទេសថៃ ហើយក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធអ៊ីនធឺណិត និងប្រេងឥន្ធនៈទៅកាន់តំបន់នោះផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





