ប្រទេសថៃកាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការមកនៅត្រឹម ៣០ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- រយៈពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការនៅក្នុងប្រទេសថៃត្រូវបានកំណត់ឱ្យកាត់បន្ថយពី ៦០ថ្ងៃមកនៅត្រឹម ៣០ថ្ងៃ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ហានិភ័យនៃអាជីវកម្មខុសច្បាប់ដែលកេងប្រវ័ញ្ចលើគម្រោងលើកលែងទិដ្ឋាការ។ នេះបើយោងតាមការឱ្យដឹងពីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក សូរ៉ាវង្ស ធៀនថង (Sorawong Thienthong) បាននិយាយថា បញ្ហានេះត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយពួកគេទាំងអស់គ្នាបានឯកភាពជាគោលការណ៍ដើម្បីកាត់បន្ថយរយៈពេលស្នាក់នៅពី ៦០ថ្ងៃមកត្រឹម ៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសនានាដែលបានផ្តល់ការលើកលែងទិដ្ឋាការក្រោមកម្មវិធីនេះ។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានពិភាក្សាមុននឹងប្រកាសជាផ្លូវការនូវការកែសម្រួលបទប្បញ្ញត្តិនេះ។
ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ មក រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនមកពី ៩៣ប្រទេសចូលទៅក្នុងប្រទេសថៃសម្រាប់គោលបំណងទេសចរណ៍ក្នុងរយៈពេលមិនលើសពី ៦០ថ្ងៃ ដែលពីមុន កម្មវិធីនេះត្រូវបានផ្តល់ឱ្យពលរដ្ឋនៃប្រទេសចំនួន៥៧ ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិករទេសចរណ៍បានសម្តែងការព្រួយបារម្ភទៅលើរយៈពេលបន្ថែមនេះ ដោយសារអ្នកទេសចរទស្សនារយៈពេលវែង ជាធម្មតាស្នាក់នៅជាមធ្យមត្រឹមតែ ១៤-២១ថ្ងៃប៉ុណ្ណោះ ខណៈដែលអ្នកធ្វើទេសចរទស្សនារយៈពេលខ្លី ចំណាយពេលតិចជាងពីរសប្តាហ៍ក្នុងការធ្វើដំណើរម្តង ឬប្រហែល ៧ថ្ងៃជាមធ្យម។
សមាគមភ្នាក់ងារទេសចរណ៍ថៃ បានលើកឡើងកាលពីមុននូវកង្វល់នេះជាមួយក្រសួង ដោយសារតែមានជនបរទេសចូលទៅធ្វើការងារ ឬធ្វើអាជីវកម្មខុសច្បាប់កាន់តែច្រើនឡើងៗក្នុងប្រទេសថៃ ខណៈដែលសមាគមសណ្ឋាគារថៃយល់ថា កម្មវិធីនេះជាផ្នែកមួយដែលធ្វើឱ្យមានការកើនឡើងនៃចំនួនខុនដូដែលត្រូវបានជួលដោយខុសច្បាប់សម្រាប់ភ្ញៀវទេសចរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





