ហ្វីលីពីនចេញការព្រមានអំពីការជួញដូរមនុស្ស
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- ការិយាល័យអន្តោប្រវេសន៍របស់ប្រទេសហ្វីលីពីន (BI) បានចេញការព្រមានអំពីការកើនឡើងនៃចំនួនជនរងគ្រោះពីអំពើជួញដូរមនុស្សនៅហ្វីលីពីនដែលកំពុងចាកចេញពីប្រទេសដោយខុសច្បាប់តាមរយៈផ្លូវខាងក្រោយ ដើម្បីទៅធ្វើការនៅក្នុងប្រតិបត្តិករល្បែងនៅបរទេស។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនបានរៀបចំធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៣បីនាក់កាលពីថ្ងៃទី១៦ ខែមីនា ពីរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ យោងតាមការិយាល័យ BI បានឱ្យដឹងថា ជនរងគ្រោះទាំងនោះត្រូវបានគេរាយការណ៍ថាបានស្វែងរកជំនួយពីស្ថានទូតហ្វីលីពីនបន្ទាប់ពីពួកគេរងការវាយដំ និងធ្វើទារុណកម្មពីនិយោជករបស់ពួកគេអស់រយៈពេលជាងពីរខែ។ ពួកគេត្រូវបានគេឱ្យទៅធ្វើការងារជាអ្នកបោកប្រាស់។
នៅពេលទៅដល់ប្រទេសហ្វីលីពីន ពួកគេត្រូវបានជួយដោយការិយាល័យស៊ើបអង្កេតជាតិ ដែលបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងអ្នកជ្រើសរើសរបស់ពួកគេ។
ការស៊ើបអង្កេតដំបូងរកមិនឃើញមានកំណត់ត្រាផ្លូវចេញចូលផ្លូវការសម្រាប់ជនរងគ្រោះនៃអំពើជួញដូរមនុស្សទាំងបីនាក់នោះទេ។ យោងតាមសេចក្តីថ្លែងការណ៍របស់ពួកគេ បានឱ្យដឹងថា ពួកគេបានចាកចេញពីប្រទេសហ្វីលីពីនតាមរយៈបណ្តាញដែលគ្មានការអនុញ្ញាត ដោយឡើងលើនាវាតូចមួយពីកោះចូឡូ និងកោះស៊ូលូ ដែលបានដឹកជញ្ជូនពួកគេទៅកាន់រដ្ឋសាបារបស់ប្រទេសម៉ាឡេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





