ទីក្រុងហុងកុងរបស់ប្រទេសចិនបន្ធូរបន្ថយការចូលសម្រាប់ភ្ញៀវអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- នាយកប្រតិបត្តិទីក្រុងហុងកុង លោក ចន លី (John Lee) បានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា អំពីការអនុវត្តជាផ្លូវការនៃកម្មវិធីសម្របសម្រួលការចូលសម្រាប់ភ្ញៀវពិសេសមកពីបណ្តារដ្ឋជាសមាជិកអាស៊ានទាំង១០។
ការអនុវត្តនេះមានគោលបំណងសម្រួលនីតិវិធីអន្តោប្រវេសន៍សម្រាប់ភ្ញៀវអាស៊ាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ហុងកុង ឬត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិនមួយនេះ។
អាស្រ័យហេតុនេះ នាយកដ្ឋានអន្តោប្រវេសន៍ហុងកុងនឹងដំណើរការពាក្យសុំពីភ្ញៀវកិត្តិយសទាំងនេះតាមរយៈវេទិកាអេឡិចត្រូនិចជាមួយនឹងលក្ខខណ្ឌបន្ធូរបន្ថយ។ តម្រូវការធម្មតាដើម្បីពិនិត្យមើលទៅលើដំណើរទស្សនកិច្ចទៅកាន់ហុងកុងពីមុននឹងត្រូវបានលើកលែង ហើយនីតិវិធីនេះនឹងត្រូវបានធ្វើឱ្យកាន់តែសាមញ្ញ។ បេក្ខភាពដែលត្រូវបានអនុម័តនឹងទទួលបានសុពលភាពរយៈពេលបីឆ្នាំ ដោយរាល់ដំណើរទស្សនកិច្ចនីមួយៗអនុញ្ញាតឱ្យស្នាក់នៅយ៉ាងតិចពីរខែ។
អ្នកនាំពាក្យរដ្ឋាភិបាលហុងកុង បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងយូរអង្វែងរបស់តំបន់នេះជាមួយអាស៊ាន ដោយគូសបញ្ជាក់ថា អាស៊ានជាដៃគូពាណិជ្ជកម្មធំលំដាប់ទីពីររបស់ទីក្រុងហុងកុង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងហុងកុងបានដាក់ចេញនូវវិធានការសម្រួលទិដ្ឋាការសម្រាប់បណ្តាប្រទេសនៅអាស៊ាន។ គួរកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៣ ទីក្រុងហុងកុងបានបន្ធូរបន្ថយតម្រូវការទិដ្ឋាការចូលសម្រាប់ជនជាតិវៀតណាម ដែលធ្វើដំណើរសម្រាប់គោលបំណងទេសចរណ៍ និងអាជីវកម្ម។ នៅក្នុងឆ្នាំ២០២៤ ការកែសម្រួលស្រដៀងគ្នានេះត្រូវបានធ្វើឡើងសម្រាប់ពលរដ្ឋកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាមួយនឹងសុពលភាពនៃទិដ្ឋាការចូលច្រើនដងបានបន្តពី ២ឆ្នាំទៅ ៣ឆ្នាំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





